(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានម្នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ជាខ្លាំងចំពោះភាពតានតឹងនៅក្នុងប្រទេសអ៉ីស្រាអែល ហើយជំរុញយ៉ាងពេញទំហឹងឱ្យមេដឹកនាំអ៉ីស្រាអែល ស្វែងរកការសម្រុះសម្រួលគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅ បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោកស្រី អេឌ្រីយែន វ៉ាតសុន (Adrienne Watson) បានគូសបញ្ជាក់ដូច្នេះថា «យើងបន្ត ជំរុញយ៉ាងពេញទំហឹងឱ្យមេដឹកនាំអ៉ីស្រាអែល ស្វែងរកការសម្រុះសម្រួលគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងជឿជាក់ថានេះគឺជាជំហានឆ្ពោះទៅមុខមួយ ដ៏ប្រសើរ សម្រាប់អ៉ីស្រាអែល និងប្រជាជនរបស់ខ្លួនទាំងអស់»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានដកតំណែង រដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ កាឡិន (Yoav Gallant) មួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីរូបនេះរិះគន់រដ្ឋាភិបាល និងបានជំរុញឲ្យបញ្ឈប់ការធ្វើកំណែទម្រង់ ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស និងត្រូវបានក្រុមអ្នកជំទាស់នឹងការធ្វើកំណែទម្រង់នេះចាត់ទុកថាជាគ្រោះថ្នាក់មួយសម្រាប់ប្រជាធិបតេយ្យ។
បាតុកម្មទ្រង់ទ្រាយធំកាន់តែផ្ទុះឡើងក្រោយពីមានការដកតំណែង លោក កាឡិន ដោយក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ បានគ្រវីទង់ជាតិអ៉ីស្រាអែល ដើរតាមដងផ្លូវទាំងយប់ នៅទូទាំងប្រទេស។ ជាមួយគ្នានោះ ក៏មានក្រុមមនុស្សប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក ណេតាន់យ៉ាហ៊ូ ដែលស្ថិតនៅឯទីក្រុងហ្សេរុយសាឡឹម (Jerusalem) ផងដែរ៕