(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ កាឡិន (Yoav Gallant) មួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីរូបនេះរិះគន់រដ្ឋាភិបាល និងបានជំរុញឲ្យបញ្ឈប់ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
បាតុកម្មទ្រង់ទ្រាយធំកាន់តែផ្ទុះឡើងក្រោយពីមានការដកតំណែង លោក កាឡិន ដោយក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ បានគ្រវីទង់ជាតិអ៉ីស្រាអែល ដើរតាមដងផ្លូវទាំងយប់នៅទូទាំងប្រទេស។ ជាមួយគ្នានោះ ក៏មានក្រុមមនុស្សប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក ណេតាន់យ៉ាហ៊ូ ដែលស្ថិតនៅឯទីក្រុងហ្សេរុយសាឡឹម (Jerusalem) ផងដែរ។
មេដឹកនាំគណបក្សប្រឆាំង លោក យ៊ែរ ឡាភីត (Yair Lapid) និង លោក បេននី ហ្កាន់ស៍ (Benny Gantz) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា «សន្តិសុខរបស់ប្រទេស មិនអាចយកធ្វើឧបករណ៍បម្រើឲ្យល្បែងនយោបាយនោះទេ។ លោក ណេតាន់យ៉ាហ៊ូ បានឆ្លងហួសបន្ទាត់ក្រហមហើយ នៅយប់នេះ»។
គួរបញ្ជាក់ថា ប្រហែលជា៣ខែ ចាប់តាំងពីចូលកាន់តំណែងមក វិបត្តិដែលផ្តើមចេញពីការបែកបាក់គ្នាក្នុងក្រុមចម្រុះជាតិនិយមរបស់លោក ណេតាន់យ៉ាហ៊ូ បានលេចឡើង និងក្រោយពេល ដែល រដ្ឋាភិបាលប្រកាសពីផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ខ្លួន៕