(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ុយក្រែន នៅឯទីក្រុងមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង ទៅនេះ ខណៈមនុស្ស ៣នាក់បានរងរបួស និងអគារមួយចំនួនរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ទៀតថាការបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ុយក្រែន កើតមានឡើងនៅទីក្រុង គីរ៉េយ៉េវស្កិ៍ (Kireyevsk) ស្ថិតក្នុងតំបន់ ទូឡា (Tula) ដែលស្ថិតនៅចម្ងាយ២២០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ។ ក្រសួងបន្ថែមថាយន្ដហោះដ្រូនេះជាប្រភេទ Tu-141 ដែលត្រូវបានបាញ់ទម្លាក់នៅក្បែរទីក្រុង គីរ៉េយ៉េវស្កិ៍ ស្ថិតក្នុងតំបន់ ទូឡា។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass បានរាយការណ៍ដោយស្រង់ប្រភពពីក្រុមមន្ត្រីរុស្ស៉ីដែរថា មនុស្ស៣នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុខាងលើ ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់នោះទេ ហើយផ្ទះឯកជន៥ខ្នង បានរងការខូចខាត។
ក៏ប៉ុន្តែ ភ្លាមៗខាងអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ កន្លងមក អ៊ុយក្រែនធ្លាប់បានបដិសេធជារឿយៗទៅនឹងការអះអាងរបស់រុស្ស៉ី ជុំវិញការវាយប្រហារលើទឹកដីរុស្ស៉ីដោយប្រើ យន្ដហោះដ្រូន។ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កងទ័ពអាកាសរុស្ស៉ី ៣នាក់បានស្លាប់ នៅពេលយន្ដហោះដ្រូនមួយដែលត្រូវបានគេជឿជាក់ថាជារបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅឯ មូលដ្ឋានទ័ពយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់យន្ដហោះទម្លាក់គ្រាប់បែក ស្ថិតនៅក្បែរទីក្រុងសារ៉ាតូវ (Saratov) ក្រោយធ្វើការហោះហើររាប់រយគីឡូម៉ែត្រក្នុងដែនអាកាសរុស្ស៉ី៕