(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន បន្ទាប់ពីបង្ហាញការប្រឆាំងជំទាស់ទៅនឹង ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងចំពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាមួយលើការបញ្ជូនកងទ័ពឆ្លងសមុទ្រ ឡើងលើដីគោក និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសម្ព័ន្ធមិត្តទាំង២នេះបិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់យើងចាប់បានសញ្ញាថាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី២គ្រាប់ ត្រូវបានបាញ់ចេញពីបរិវេណតំបន់ ជុងវ៉ា (Junghwa) ស្ថិតនៅក្នុងខេត្ត វ៉ាងហេខាងជើង (North Hwanghae) (នៃប្រទេសកូរ៉េខាងជើង) នៅម៉ោង ៧៖៤៧នាទីព្រឹក ថ្ងៃចន្ទនេះ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន»។
គួរបញ្ជាក់ថា ខាងក្រសួងការពារជាតិជប៉ុន ក៏បានទទួលស្គាល់ដែរពីការបាញ់សាកល្បងមីស៊ីលខាងលើរបស់កូរ៉េខាង ដោយមីស៊ីលទាំង២គ្រាប់ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ជប៉ុន៕