(កៀវ)៖ អ៊ុយក្រែននៅថ្ងៃអាទិត្យ (២៦ មីនា) នេះថា បានរិះគន់យ៉ាងខ្លាំងចំពោះផែនការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ហើយបានអំពាវនាវឱ្យមានកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ទាន់មួយ ដើម្បីដោះស្រាយវិធានការនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ុយក្រែនបានហៅវាថាជា «ជំហានបង្កហេតុមួយទៀត» ដោយទីក្រុងម៉ូស្គូដែលបំផ្លាញ «ប្រព័ន្ធសន្តិសុខអន្តរជាតិទាំងមូល»។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យមានសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់មួយ ដើម្បីពិភាក្សាលើបញ្ហានេះ ហើយក៏បានអំពាវនាវដល់ក្រុមប្រទេស G7 និងសហភាពអឺរ៉ុបឱ្យព្រមានបេឡារុស្សអំពី «ផលវិបាកដ៏វែងឆ្ងាយ» ប្រសិនបើខ្លួនសម្រេចចិត្តទទួលយកអាវុធរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីការសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស ខណៈវាគឺជាការផ្ញើសារព្រមានធ្ងន់មួយចំពោះអង្គការណាតូ (NATO) សម្រាប់ការបន្តជួយជ្រោមជ្រែងផ្នែកយោធាដល់អ៊ុយក្រែន ហើយវាក៏នឹងធ្វើឱ្យការប្រឈមមុខគ្នា ក៏កាន់តែខ្លាំងឡើងផងដែរជាមួយក្រុមលោកខាងលិច។
លោក ពូទីន បាននិយាយដូច្នេះថា «យើងនឹងមិនផ្ទេរការគ្រប់គ្រងអាវុធទាំងនោះឱ្យទៅបេឡារុសតែម្តងឡើយ ខណៈសហរដ្ឋអាមេរិក ក៏មិនបានធ្វើយ៉ាងដូច្នោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ និយាយរួមទៅ គឺយើងនឹងធ្វើអ្វី ដែលពួកគេបាននិងកំពុងធ្វើ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ»។ ក្រោយសេចក្តីប្រកាសនេះ ទីក្រុងវ៉ាស៉ីនតោន ដែលជាប្រទេសកំពូលមហាអំណាចនុយក្លេអ៊ែរមួយទៀតនោះ បានចេញមុខនិយាយបន្ទាបក្តីព្រួយបារម្ភ អំពីលទ្ធភាពដែលទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយអះអាងថា ខ្លួនពុំបានសង្កេតឃើញមានសញ្ញាខុសប្រក្រតីខ្លាំងអ្វីឡើយ៕