(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នឹងធ្វើទស្សនកិច្ចផ្លូវការរយៈពេល ០៦ថ្ងៃទៅកាន់ប្រទេសចិន និងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក Li Qiang លោក Lee ក៏នឹងទៅទស្សនកិច្ចខេត្ត Guangdong និង Hainan ក្នុងដំណើររបស់លោក ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី១ ខែមេសា។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក Lee ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប្រហែល ០៤ឆ្នាំ និងជាលើកដំបូងចាប់តាំងពីរាតត្បាតជំងឺកូវីដ១៩។ លោកបានជួបលោក ស៊ី ជីនពីង កាលពីខែវិច្ឆិកាឆ្នាំមុននៅទីក្រុងបាងកកនៅក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិនមួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក Lee បានពណ៌នាទំនាក់ទំនងរវាងប្រទេសសិង្ហបុរី និងចិនថា «ល្អណាស់»។ លោកក៏បាននិយាយផងដែរថា ការងើបឡើងរបស់ប្រទេសចិនត្រូវតែទទួលយកពីគ្រប់ភាគី ក្នុងការទទួលស្គាល់ថា មហាអំណាចមួយនេះបច្ចុប្បន្នមានតួនាទី និងសំឡេងកាន់តែខ្លាំងនៅលើឆាកពិភពលោក៕