(ហ្វ្រង់ហ្វូត)៖ អាជ្ញាធរប៉ូលីសបានរាយការណ៍ឱ្យដឹងនៅពីថ្ងៃអាទិត្យនេះថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារនៅទីក្រុងហាំប៊ឺកប្រទេសអាល្លឺម៉ង់ ដែលជាការបាញ់សម្លាប់លើកទីពីរនៅក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
ប៉ូលីសនិយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការមួយ ហើយបច្ចុប្បន្នកំពុងស៊ើបអង្កេត ខណៈអ្នកនាំពាក្យបានបដិសេធមិនធ្វើអត្ថាធិប្បាយលើជនល្មើសឡើយ។
កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា ប៉ូលីសត្រូវបានគេខលហៅភ្លាមៗនៅមុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសៅរ៍ ហើយរថយន្តចំនួន២៨គ្រឿង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។
កាសែត Bild បានរាយការណ៍ទៀតថា បុរសពីរនាក់ដែលម្នាក់មានអាយុ៤២ឆ្នាំ និងម្នាក់ទៀតអាយុ ៥០ឆ្នាំ បានស្លាប់ ដោយគេជឿថា បុរសដែលវ័យ៥០ឆ្នាំជាអ្នកបានបាញ់សម្លាប់យុវជននោះជាច្រើនគ្រាប់ ដោយកាំភ្លើងខ្លីមួយដើម មុនពេលបាញ់សម្លាប់ខ្លួនឯង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា មានមនុស្ស ០៨នាក់រួមទាំងកូនដែលមិនកើតផងបានស្លាប់បន្ទាប់ពីមានការបាញ់ប្រហារមួយ នៅសាលប្រជុំនៃសាសនាព្រះយេហូវ៉ាក្នុងក្រុងហាំប៊ឺក៕