(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៉ីនិងចិនមិនមែនកំពុងបង្កើតសម្ព័ន្ធភាពយោធានោះទេ ហើយមិនបានលាក់លៀមអ្វីទាំងអស់ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍រដ្ឋរុស្ស៉ី ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «យើងមិនមែនកំពុងបង្កើតសម្ព័ន្ធភាពយោធាណាមួយ ជាមួយប្រទេសចិនឡើយ។ វាជាការពិតដែលយើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជុំវិញវិស័យយោធា-បច្ចេកទេស ហើយយើងក៏មិនបានលាក់បាំងអំពីរឿងនេះទេ។ អ្វីៗគ្រប់យ៉ាងមានតម្លាភាពទាំងអស់ ដោយគ្មានអាថ៌កំបាំងណាមួយទាល់តែសោះ»។
ជាមួយគ្នានោះ លោក ពូទីន ក៏បាននិយាយថា ក្រុមមហាអំណាចលោកខាងលិច កំពុងព្យាយាមបង្កើតសម្ព័ន្ធភាពជាសកលឱ្យកាន់តែច្រើន ហើយលោកបានចោទថា សហរដ្ឋអាមេរិកនិងអង្គការណាតូ (NATO) កំពុងចាប់ផ្តើមកសាងបក្សសម្ព័ន្ធ «អាក់ស៉ីស (Axis)» ថ្មីមួយទៀត ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង សម្ព័ន្ធភាពកាលពីសម័យសង្រ្គាមលោកលើកទី២ រវាងអាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ពូទីន និងលោក ស៉ី ជិនពីង បានរួមគ្នាបង្ហាញពីភាពរឹងមាំ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាធ្វើឱ្យចំណងទាក់ទង កាន់តែជិតស្និទ្ធថែមទៀត កំលុងកិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូ ស្របពេលដែលរុស្ស៉ីកំពុងបន្តជួបការលំបាក ក្នុងការស្វែងរកជ័យជម្នះលើសមរភូមិ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន ដែលអូសបន្លាយជាង១ឆ្នាំមកហើយនៅអ៊ុយក្រែន៕