(មូស្គូ)៖ ប្រធានរដ្ឋសភានៃប្រទេសរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានដាក់សំណើឱ្យមានការហាមឃាត់ចំពោះ រាល់សកម្មភាពទាំងអស់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីតុលាការនេះបានប្រកាសចេញដីកាចាប់ខ្លួន ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
លោក វីឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ដែលជាមនុស្សជំនិតម្នាក់របស់លោក ពូទីន បាននិយាយថា រុស្ស៉ីគួរធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់បម្រាមលើសកម្មភាពនានារបស់ ICC នៅក្នុងប្រទេសរុស្ស៉ី ហើយដាក់ពិន័យទៅលើអ្នកទាំងឡាយណា ដែលផ្តល់ការគាំទ្រដល់តុលាការនេះ។ លោក វ៉ូឡូឌីន បានលើកឡើងថា សហរដ្ឋអាមេរិកបានតាក់តែងច្បាប់ ដើម្បីការពារពលរដ្ឋខ្លួនមិនឱ្យអាចត្រូវកាត់ទោសដោយតុលាការ ICC បាន ហើយរុស្ស៉ីក៏គួរបន្តធ្វើការពាក់ព័ន្ធរឿងនេះផងដែរ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនសម្រាប់លោក ពូទីន កាលពីសប្តាហ៍មុន ដោយចោទលោកប្រធានាធិបតីរុស្ស៉ី អំពីឧក្រិដ្ឋកម្មសង្រ្គាមនៃការចាប់បញ្ជូនកុមាររាប់រយនាក់ពីអ៊ុយក្រែនទៅកាន់រុស្ស៉ី។ ICC បានអះអាងថា មានមូលដ្ឋានសមហេតុផលគ្រប់គ្រាន់ ក្នុងការជឿជាក់ថា លោក ពូទីន ពិតជាគួរទទួលខុសត្រូវលក្ខណៈបុគ្គល សម្រាប់បទល្មើសនោះ។
គួរបញ្ជាក់ថា ប្រទេសមហាអំណាចធំៗដូចជារុស្ស៉ី សហរដ្ឋអាមេរិក និងចិន គឺសុទ្ធតែមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើយ ប៉ុន្តែប្រទេសសរុបចំនួន១២៣ គឺជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការ ICC រួមមានទាំងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ព្រមទាំងអតីតរដ្ឋសូវៀតមួយចំនួន ដូចជាតាហ្ស៉ីគីស្ថាន ជាដើម។ ចំណែកអ៊ុយក្រែនវិញ គឺមិនមែនជាសមាជិក ICC ទេ ប៉ុន្តែទីក្រុងកៀវបានផ្តល់យុត្តាធិការដល់ ICC ដើម្បីដំណើរការនិតិវិធីច្បាប់ សម្រាប់បទឧក្រិដ្ឋកម្មនានា ដែលកើតឡើងនៅក្នុងទឹកដីរបស់ខ្លួន៕