(កូប៉ិនហាក)៖ ក្នុងសប្តាហ៍នេះ ក្រុមមេបញ្ជាការកងទ័ពអាកាសមកពីស៊ុយអែត ន័រវែស ហ្វាំងឡង់ និងដាណឺម៉ាក បានឱ្យដឹងថា ពួកគេបាននាំគ្នាចុះហត្ថលេខាលើ លិខិតគោលបំណងស្តីពីការបង្កើត កងកម្លាំងការពារដែនអាកាសអឺរ៉ុបខាងជើងរួបរួមគ្នាមួយ ដែលគោលដៅជាចម្បងគឺដើម្បីទប់ស្កាត់ ការគំរាមកំហែងដែលកាន់តែកើនឡើងពីប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍រួមរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង៤ បាននិយាយថា ចេតនានៃផែនការខាងលើ គឺដើម្បីឱ្យអាចធ្វើប្រតិបត្តិការរួមគ្នាយ៉ាងរលូន ដោយផ្អែកលើមធ្យោបាយមានស្រាប់នៃការធ្វើប្រតិបត្តិការ នៅក្រោមក្របខណ្ឌរបស់អង្គការណាតូ (NATO) ហើយផែនការសំដៅធ្វើសមាហរណកម្មកងទ័ពអាកាស របស់ក្រុមប្រទេសអឺរ៉ុបខាងជើងនេះ បើតាមមេបញ្ជាការកងទ័ពអាកាសដាណឺម៉ាក គឺត្រូវបានជំរុញដោយ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំមុន។
គួរបញ្ជាក់ថា ន័រវែសមានយន្តហោះចម្បាំង F-16 ចំនួន៥៧គ្រឿង ហើយមាន F-35 ចំនួន៣៧គ្រឿង កំពុងធ្វើប្រតិបត្តិការ និង១៥គ្រឿង ស្ថិតក្រោមការបញ្ជាទិញ។ រីឯហ្វាំងឡង់មាន F/A-18 ៦២គ្រឿង ហើយមាន F-35 ចំនួន ៦៤គ្រឿង កំពុងស្ថិតក្រោមការបញ្ជាទិញ ខណៈដាណឺម៉ាកមានយន្តហោះចម្បាំង F-16 ចំនួន៥៨ក្រឿង ហើយមាន F-35 ២៧គ្រឿង ស្ថិតក្រោមការបញ្ជាទិញ។ ចំណែកស៊ុយអែត មានយន្តហោះចម្បាំង Gripens ជាង៩០គ្រឿង។
ស៊ុយអែតនិងហ្វាំងឡង់ ក័បានដាក់ពាក្យស្នើចូលជាសមាជិក NATO ផងដែរ កាលពីពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែដំណើរការផ្តល់សច្ចាប័នមកទល់ពេលនេះ កំពុងត្រូវបានអូសបន្លាយដោយតួកគីក៏ដូចជាហុងគ្រី ខណៈដាណឺម៉ាកនិងន័រវែស គឺជាសមាជិកស្រាប់តាំងពីដំបូង នៅពេលបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩៕