(តៃប៉ិ)៖ នៅថ្ងៃអាទិត្យនេះ តៃវ៉ាន់បានប្រកាសជាផ្លូវការថា ខ្លួនបានបញ្ចប់ទំនាក់ទំនងការទូត ដែលមានអាយុកាលរាប់ទសវត្សរ៍ ជាមួយហុងឌូរ៉ាសហើយ បន្ទាប់ពីប្រទេសអាមេរិកកណ្តាលមួយនេះ បានងាកទៅស្វែងការការបង្កើតទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) បានបញ្ជាក់ឱ្យដឹងជាផ្លូវការ អំពីការកាត់ផ្តាច់ទំនាក់ទំនងនេះ កំលុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងតៃប៉ិ ហើយលោកបាននិយាយថា តៃវ៉ាន់នឹងបិទស្ថានទូតនៅហុងឌូរ៉ាស ព្រមទាំងដកឯកអគ្គរដ្ឋទូតខ្លួនត្រឡប់មកវិញ។ មុនការចេញមុខបញ្ជាក់របស់ប្រមុខការទូតតៃវ៉ាន់ ក្រសួងការបរទេសហុងឌូរ៉ាស បានបង្ហោះសារលើប្រព័ន្ធ Twitter ថា រដ្ឋាភិបាលហុងឌូរ៉ាសទទួលស្គាល់ថា ចិនគឺមានតែមួយប៉ុណ្ណោះ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងអស់ ខណៈតៃវ៉ាន់គឺជាផ្នែកមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ចិន។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បានធ្វើដំណើរមកកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីស្វែងការការបង្កើតទំនាក់ទំនងការទូត បន្ទាប់ពីប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) បាននិយាយថា រដ្ឋាភិបាលលោកស្រីនឹងចាប់ផ្តើមបង្កើតចំណងទាក់ទងជាមួយចិន។ ក្រោយបាត់បង់ហុងឌូរ៉ាសបែបនេះ ឥឡូវតៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តការទូតតែ ១៣ប្រទេសប៉ុណ្ណោះ៕