(វ៉ាស៉ីនតោន)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈខ្យល់ព្យុះកំបុតត្បូង និងព្យុះផ្គររន្ទះដ៏ខ្លាំងក្លាបានបោកបក់ពាសពេញរដ្ឋមីសស៉ីសស៉ីបពី (Mississippi) កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបន្សល់ទុកនូវផ្លូវខូចខាតជាង ១៦០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ បានឲ្យដឹងថា មនុស្ស៤នាក់ នៅបានបាត់ខ្លួននៅឡើយ ខណៈក្រុមជួយសង្រ្គោះព្យាយាមឆ្លងកាត់តំបន់ដែលរងការបំផ្លិចបំផ្លាញ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីព្យុះនេះវាយប្រហារទីក្រុងស៉ីលវឺ ដែលមានមនុស្សរស់នៅចំនួន ២០០នាក់ ស្ថិតនៅឯភាគខាងលិចរដ្ឋ Mississippi ។ ដោយឡែក តួលេខនៃអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ ប្រតិបត្តិការស្វែករកធ្វើឡើងដោយលាតសន្ធឹងពីភាគខាងលិចនៃរដ្ឋ Mississippi និងចូលទៅក្នុងរដ្ឋអាឡាបាម៉ា (Alabama)។
គួរបញ្ជាក់ថា ក្រុមអ្នកស្ម័គ្រចិត្តជួយសង្រ្គោះបានប្រដូច ការបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូងនេះ ទៅនឹងព្យុះដែលបានវាយប្រហារតំបន់ចូប្លីន (Joplin) រដ្ឋមីសសូរី (Missouri) ក្នុងឆ្នាំ២០១១ ដែលបានសម្លាប់មនុស្សចំនួន ១៦១នាក់៕