(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នៅថ្ងៃសៅរ៍នេះត្រូវបានតែងតាំងឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីនៃគណបក្សរបស់លោក សម្រាប់ការបោះឆ្នោតជាតិដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។
លោក ប្រាយុទ្ធ អាយុ ៦៩ឆ្នាំ ជាបេក្ខជនឈរឈ្មោះមកពីគណបក្ស United Thai Nation ទំនងជានឹងត្រូវប្រកួតប្រជែងជាមួយ អ្នកនាង ផែថងថា ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) របស់គណបក្សភឿថៃ ដែលត្រូវជាកូនស្រី និងក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា។
នៅក្នុងកម្មវិធីជប់លៀងដើម្បីណែនាំបេក្ខជនរបស់ខ្លួនសម្រាប់មណ្ឌលបោះឆ្នោតទាំង ៤០០ទូទាំងប្រទេសថៃ លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «យើងស្ម័គ្រចិត្តធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តតាមដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់បំផុតគឺការការពារប្រទេស និងការពារស្ថាប័នសំខាន់របស់ប្រទេស។ សូមជឿជាក់លើខ្ញុំ ដូចដែលអ្នកតែងតែធ្វើ»។
គួរបញ្ជាក់ថា ការបោះឆ្នោតរបស់ប្រទេសថៃត្រូវបានកំណត់ថាជាការប្រកួតប្រជែងរវាងក្រុមឥស្សរជន និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានគ្រប់គ្រងនយោបាយអស់ជាច្រើនទសវត្សរ៍មកហើយ៕