(គូឡាឡាំពួ)៖ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៉ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
* តើលោក អាន់វ៉ា អ៉ីប្រាហ៊ីម ជានរណា?
លោក អាន់វ៉ា អ៉ីប្រាហ៉ីម ដែលមានវ័យ៧៥ឆ្នាំ គឺជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៉ី។ លោក អាន់វ៉ា ឬមានឈ្មោះពេញថា អាន់វ៉ាន់ ប៊ីន អាប្រាហ៊ីម កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុង ឆឺរ៉ុក តុក (Cherok Tok) រដ្ឋពឺណាំង (Penang) អតីតសហភាពម៉ាឡេស៊ី ដែលបច្ចុប្បន្នជាប្រទេសម៉ាឡេស៊ី។ លោកបានចាប់ផ្ដើមអាជីពនយោបាយ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ នៅឯសាកលវិទ្យាល័យ University of Malaya ក្នុងទីក្រុងគូឡាំពួរ ជាទីដែលលោកបានក្លាយជាមេដឹកនាំចលនានិស្សិតអ៉ីស្លាមដ៏ល្បីល្បាញម្នាក់។ នៅក្នុងឆ្នាំ១៩៧០ លោក អាន់វ៉ា បានបង្កើត ចលនានិស្សិត Muslim Youth Movement of Malaysia ដោយលោកធ្វើជាប្រធានរហូតដល់ឆ្នាំ១៩៨២។
លោក អាន់វ៉ា ជាមេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី និងធ្លាប់ជាមនុស្សម្នាក់ដែលរិះគន់ឥតសំច្ចៃមាត់លើរដ្ឋាភិបាលដឹកនាំដោយគណបក្សអ៊ុមណូ (UMNO) របស់អតីតនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់។ ប៉ុន្តែ ទោះជាបែបនេះក្ដី លោក អាន់វ៉ាន់ ខ្លួនឯងបានទទួលយកការអញ្ជើញពីលោក មហាធៀ ឱ្យចូលរួមជាមួយគណបក្ស UMNO នៅក្នុងឆ្នាំ១៩៨២។
ចាប់តាំងពីពេលនោះមក លោក អាន់វ៉ា បានកាន់តំណែងជាច្រើននៅក្នុងជួររដ្ឋាភិបាលលោក មហាធៀ ដូចជារដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា (ក្នុងឆ្នាំ១៩៨៣), រដ្ឋមន្ត្រីកសិកម្ម (ឆ្នាំ១៩៨៤) រដ្ឋមន្ត្រីក្រសួងអប់រំ (ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩១)។ តមកទៀត ទើបរូបលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ (ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៨) និងឧបនាយករដ្ឋមន្ត្រី (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨)។ តែភាពផ្អែមល្ហែមរវាងលោក អាន់វ៉ា និងលោក មហាធៀ ដែលធ្លាប់ជាគ្រូរបស់លោក អាន់វ៉ាផងនោះ បានដើរដល់ផ្លូវបំបែក នៅពេលមានវិបត្តិហិរញ្ញវត្ថុក្នុងតំបន់អាស៊ី នៅឆ្នាំ១៩៩៧ ដោយអ្នកទាំង២ បានទាស់ពាក្យសម្ដីនឹងគ្នាជុំវិញវិធានការស្ដារសេដ្ឋកិច្ចជាតិ។
លោក អាន់វ៉ា ត្រូវបានបណ្ដេញចេញពីគណបក្ស UMNO នៅឆ្នាំ១៩៩៨ ហើយក្នុងឆ្នាំ១៩៩៩ លោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំពីបទពុករលួយ និងក្រោយមកត្រូវបានផ្ដន្ទាទោសឱ្យ ជាប់ពន្ធនាគារ៩ឆ្នាំ ពីបទរួមភេទជាមួយបុរសដូចគ្នា ដែលជាបទល្មើសព្រហ្មទណ្ឌមួយក្រោមច្បាប់ម៉ាឡេស៊ី បើទោះជាលោក បដិសេធចោលរាល់ការចោទប្រកាន់ក៏ដោយ។ នៅចុងឆ្នាំ២០០៤ មួយឆ្នាំ ក្រោយលោក មហាធៀ លាលែងចេញពីតំណែងជានាយកដ្ឋមន្ត្រី តុលាការកំពូលម៉ាឡេស៊ី បានលុបចោលសាលក្រមកាត់ទោសលោក អាន់វ៉ា ក្នុងសំណុំរឿងរួមភេទជាមួយបុរស និងដោះលែងរូបលោកចេញពីពន្ធនាគារ។ ប៉ុន្តែ លោក អាន់វ៉ា ត្រូវចេញចូលពន្ធនាគារដូចជាផ្ទះ ដោយមុនការបោះឆ្នោតនៅឆ្នាំ២០០៨ សំណុំរឿងរួមភេទជាមួយបុរសដូចគ្នាត្រូវបានគេសើរើ ប្រឆាំងនឹងរូបលោក សាជាថ្មី ហើយនៅឆ្នាំ២០១២ លោកត្រូវបានដោះលែងឱ្យមានសេរីភាព។ ជាថ្មីម្ដងទៀត នៅមុនការបោះឆ្នោតមួយនៅឆ្នាំ២០១៤ នៅក្នុងរដ្ឋសឺឡាន់ហ្គ័រ (Selangor) សាលាឧទ្ធរណ៍ម៉ាឡេស៊ី បានលុបចោលសាលក្រមសម្រេចដោះលែងលោក អាន់វ៉ាកាលពីឆ្នាំ២០១២ និងផ្ដន្ទាទោសរូបលោកដាក់ពន្ធនាគារ៥ឆ្នាំ។ ទោសនេះត្រូវបានអនុវត្តរហូតដល់ឆ្នាំ២០១៨ ពោលគឺ៥ថ្ងៃ ក្រោយលោក មាហាធៀ ស្នើសុំព្រះមហាក្សត្រលើកលែងទោសឱ្យលោក អាន់វ៉ា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំដដែល។
នៅឆ្នាំ២០១៨នោះដែរ លោក មហាធៀ បានសន្យាថានឹងប្រគល់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឱ្យលោក អាន់វ៉ា ប៉ុន្តែចុងក្រោយអ្នកដែលត្រូវឡើងកាន់ តំណែងជានាយករដ្ឋមន្ត្រីបែរជាលោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) ទៅវិញ។ យ៉ាងណាក៏ដោយ ក្ដីស្រមៃរាប់ទសវត្សរ៍របស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម ដែលចង់ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្រេចនៅថ្ងៃនេះ ហើយលោកនឹងត្រូវប្រឈមមុខនឹងបញ្ហាធំជាច្រើនដែលត្រូវដោះស្រាយ តួយ៉ាង ដូចជាសេដ្ឋកិច្ច និងនយោបាយដ៏ផុយស្រួលនៅក្នុងប្រទេស៕