(បារីស)៖ ស្របពេលដែលប្រទេសបារាំងព្រួយបារម្ភអំពីបញ្ហាគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូហើយនោះ ក៏មានការរំពឹងទុកសម្រាប់ភ្លើងឆេះព្រៃបន្ថែមទៀតនៅក្នុងរដូវក្តៅក៏នេះផងដែរ ដោយសារតែចំហាយភ្លើងឆេះក្រោមដីដែលនៅសល់កាលពី ៨ខែមុន នៅតែមាន នៅឯភាគនិរតីនៃប្រទេស។ នេះបើយោងតាមការចុញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។
មានកម្ទេចផេះព័ណសហុយចេញពីទីតាំងព្រៃមួយកន្លែង ខាងក្រៅទីប្រជុំជនហ៊ូស្តង់ (Hostens) ស្ថិតនៅភាគខាងត្បូងក្រុងបូឌុក (Bordeaux) ដែលបណ្តាលមកពីចំហេះនៅសល់ក្រោមដី។ បើតាម លោក ហ្គីឡុម កាសញៀ (Guillaume Carnir) ដែលធ្វើការនៅទីភ្នាក់ងារការពារព្រៃឈើជាតិបារាំង (ONF) វាបានឆេះតាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ។ មកដល់ពេលនេះ យើងមិនទាន់មានចម្លើយច្បាស់លាស់អំពីរបៀបបញ្ឈប់ការឆេះនេះទេ។
លោកស្រី ប៉ាស់ស្កែល ហ្កត (Pascale Got) មន្ត្រីក្នុងតំបន់ទទួលបន្ទុកផ្នែកការពារបរិស្ថាន ក៏បានឲ្យដឹងដែរថា អគ្គិភ័យនៅ Hostens ស្ថិតនៅក្រោមការឃ្លាំមើលជាប្រចាំពីយន្តហោះដ្រូនស្ទង់កម្រិតកំដៅ។ និយាយដល់ហានិភ័យនៃភ្លើងឆេះព្រៃ ការការពារគឺជាកត្តាសំខាន់ដើម្បីការអន្តរាគមន៍រហ័សចាប់តាំងពីដើមដំបូងនៃភ្លើងឆេះ។
គួរបញ្ជាក់ថា ការឆាបឆេះនៅខាងក្រៅទីប្រជុំជន Hostens គឺជាសំណល់នៃភ្លើងឆេះព្រៃដ៏ធំដែលបានបំផ្លាញទ្វីបអឺរ៉ុបភាគខាងត្បូង កាលពីរដូវក្តៅឆ្នាំមុនជាពេលដែលមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត កើតឡើងដោយរលកកំដៅជាបន្តបន្ទាប់ ដែលអ្នកវិទ្យាសាស្ត្រនិយាយថាស្របនឹងកត្តាប្រែប្រួលអាកាសធាតុ៕