(ដាម៉ាស)៖ កងកម្លាំងប្រដាប់អាវុធគាំទ្រអ៉ីរ៉ង់ នៅក្នុងប្រទេសស៉ីរីបាននិយាយថាពួកគេមាន «អាវុធរយៈចម្ងាយឆ្ងាយ» ដើម្បីចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសជាថ្មី ណាមួយរបស់សហរដ្ឋអាមេរិក លើមូលដ្ឋានរបស់ពួកគេ បន្ទាប់ពីការសងសឹកគ្នាទៅវិញទៅមកជាមួយមីស៊ីល និងការវាយប្រហារដោយយន្ដហោះដ្រូន ក្នុងប្រទេសស៉ីរី នារយៈពេល២៤ម៉ោង កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) និងត្រូវបានចុះហត្ថលេខាដោយគណៈកម្មាធិការពិគ្រោះយោបល់អ៉ីរ៉ង់ក្នុងប្រទេសស៉ីរី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក បានបន្សល់ទុកអ្នកប្រយុទ្ធរបស់ពួកគេជាច្រើននាក់បានស្លាប់ និងរងរបួស តែមិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណ ឬសញ្ជាតិនៃក្រុមអ្នក ប្រយុទ្ធទាំងនោះឡើយ។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «យើងមានសមត្ថភាពដើម្បីធ្វើការឆ្លើយតប ប្រសិនបើមូលដ្ឋាន និងកងកម្លាំងរបស់យើងក្នុងប្រទេសស៉ីរី រងការវាយប្រហារ»។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងកងជីវពលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅក្នុងប្រទេសស៉ីរី ជាការសងសឹកទៅនឹង ការវាយប្រហារដោយយន្ដហោះដ្រូនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៉ីរី មនុស្សយ៉ាងហោច ១៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។ ការវាយប្រហារតាមផ្លូវអាកាសនេះកើតមាន ឡើង ក្រោយមន្ទីរបញ្ចកោណអះអាងថាអ្នកម៉ៅការយោធាអាមេរិកម្នាក់បានស្លាប់ និងអ្នកម៉ៅការយោធាម្នាក់ទៀត ព្រមទាំងយោធា ៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្ដហោះដ្រូនអត្តឃាតមួយគ្រឿងផលិតដោយអ៉ីរ៉ង់ ដែលបានវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងរបស់ក្រុមចម្រុះមួយដឹកនាំដោយសហរដ្ឋអាមេរិក ស្ថិតនៅក្បែរទីក្រុង ហាស្សាកេ (Hasakeh) ស្ថិតនៅភាគឦសាន ប្រទេសស៉ីរី។
កងទ័ពអាមេរិកបានចូលទៅក្នុងប្រទេសស៉ីរី កាលពីឆ្នាំ២០១៥ ក្រោមហេតុផលដើម្បីគាំទ្រក្រុមយោធាចម្រុះអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ បច្ចុប្បន្ន កងទ័ពអាមេរិកប្រហែលខ្ទង់៩០០នាក់ ត្រូវបានដាក់ពង្រាយស៉ីរី រួមមានទាំងនៅភាគខាងជើង ខាងត្បូង និងខាងកើត៕