(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែមីនានេះថា ពិភពលោកត្រូវតែស្តាប់សំឡេងប្រទេសចិន ដើម្បីស្វែងរកផ្លូវចេញពីសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

លោក Sanchez បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Brussels បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបថា «ប្រទេសចិនគឺជាតួអង្គពិភពលោក ដូច្នេះច្បាស់ណាស់យើងត្រូវស្តាប់សំឡេងរបស់វា ដើម្បីមើលថាតើយើងអាចបញ្ចប់សង្រ្គាមនេះ ហើយអ៊ុយក្រែនអាចស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ខ្លួនដែរឬទេ»។

គួរបញ្ជាក់ថា ការលើកឡើនេះធ្វើឡើងបន្ទាប់ពីលោកបាន​គ្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ចិន ​នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ជំនួបរវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ដែលក្នុងនោះចិនបានពណ៌នាខ្លួនឯងថា «មិនលំអៀង» និងបានដាក់ចេញនូវផែនការសន្តិភាពចំនួន ១២ចំណុច ខណៈពេលដែលអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ។

ទោះជាយ៉ាងណា លោក Sanchez បានគាំទ្រជាសាធារណៈចំពោះសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានទាមទារឱ្យប្រគល់ទឹកដីទាំងអស់ឱ្យអ៊ុយក្រែនវិញ រួមបញ្ចូលទាំងឧបទ្វីបគ្រីមៀដែលរុស្ស៉ីបានដាក់ជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤ ផងដែរ៕