(ប៊ែរឡាំង)៖ ប៉ូលីសបាននិយាយថា អ្នកបើកបរម្នាក់បានបុកអ្នកថ្មើរជើងជាច្រើននាក់នៅក្នុងចំណតរថយន្តនៅឯអាកាសយានដ្ឋាន Cologne-Bonn ភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ដោយខ្លះរងរបួសស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានអាឡឺម៉ង់បានរាយការណ៍ថា បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានបើកឡានដោយផ្ទាល់ទៅបុកមនុស្សនៅក្នុងអាកាសយានដ្ឋាន ប៉ុន្តែភាគច្រើនអាចគេចផុតបាន។
ប៉ូលិសបាននិយាយថា គ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ហើយអ្នករងរបួសភាគច្រើនមានកម្រិតស្រាល។ បុរសនោះក៏បានបើកទៅបុករថយន្តជាច្រើនគ្រឿងផងដែរ។
អ្នកបើកបរអាយុ៥៧ឆ្នាំត្រូវបានឃាត់ខ្លួន ហើយបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបាននិយាយថា មានការចង្អុលបង្ហាញថា គាត់មានបញ្ហាសុខភាពផ្លូវចិត្ត។
មន្ត្រីប៉ូលិសពីរនាក់ក៏បានរងរបួសស្រាលដែរ នៅពេលដែលជនសង្ស័យបដិសេធមិនព្រមឱ្យចាប់ខ្លួន៕