(ញូដេលី)៖ សភានៃប្រទេសឥណ្ឌា បានប្រកាសដកហូតសមាជិកភាពនៅក្នុងរដ្ឋសភា របស់មេដឹកនាំគណបក្សប្រឆាំង Congress គឺលោក រ៉ាហ៊ូល ហ្កាន់ឌី (Rahul Gandhi) នៅថ្ងៃសុក្រនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការជាន់ទាបមួយ បានប្រកាសផ្តន្ទាទោសដាក់ពន្ធនាគាររូបលោករយៈពេល២ឆ្នាំ នៅក្នុងសំណុំរឿងបរិហាកេរ្តិ៍ពាក់ព័ន្ធជាមួយ នាមត្រកូលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។
សភាប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសបញ្ចប់សមាជិកភាពរបស់មេបក្សប្រឆាំងខាងលើ បន្ទាប់ពីរូបលោក ដែលបច្ចុប្បន្នអាយុ៥២ឆ្នាំ ត្រូវបានតុលាការរកឃើញថា ពិតជាមានទោសកំហុសសម្រាប់ការធ្វើអត្ថាធិប្បាយមួយកាលពីឆ្នាំ២០១៩ ដែលលោកបានលើកឡើងថា ហេតុអ្វីបានជាពួកចោរសុទ្ធតែមានត្រកូល ម៉ូឌី យ៉ាងដូច្នោះ។ លោក ហ្កាន់ឌី បានធ្វើការអត្ថាធិប្បាយបែបនោះ កំលុងព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោត នៅមុនការបោះឆ្នោតសកលអាណត្តិមុន។
គួរបញ្ជាក់ថា លោក រ៉ាហ៊ូល ហ្កាន់ឌី ត្រូវបានផ្តន្ទាទោសដោយតុលាការជាន់ទាប នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ភាគខាងលិចប្រទេស ដែលក៏បានសម្រេចអនុញ្ញាតភ្លាមៗ ឱ្យរូបលោកអាចនៅក្រៅឃុំ ហើយព្យួរការអនុវត្តសាលក្រមកាត់ទោស សម្រាប់រយៈពេល១ខែផងដែរ។ ក្រុមថ្នាក់ដឹកនាំគណបក្សរបស់លោក បាននិយាយថា ពួកគេកំពុងត្រៀមលក្ខណៈដើម្បីប្តឹងឧទ្ធរណ៍ ទៅកាន់តុលាការជាន់ខ្ពស់។ ក្រុមមន្រ្តីរបស់គណបក្ស Congress បានចាត់ទុកការសម្រេចខាងលើរបស់តុលាការថា មានចេតនានយោបាយ ហើយបានបន្ទោសទៅលើរដ្ឋាភិបាលលោក ណារិនដ្រា ម៉ូឌី ព្រមទាំងគណបក្សកាន់អំណាចរបស់លោក គឺបក្ស BJP៕