(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណានៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) គ្រោងនឹងពិភាក្សាអំពីការព្រួយបារម្ភ លើបញ្ហាប្រឈមសំខាន់ៗស្តីពីសន្តិសុខក្នុងតំបន់ និងពិភពលោក នៅពេលជួប លោក ឈិន កាង (Qin Gang) រដ្ឋមន្ត្រីការបរទេសចិននៅទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ម៉ាហ៊ូតា បានទៅដល់ទីក្រុងប៉េកាំងហើយសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅទីនោះ។ នេះជាដំណើរទស្សនកិច្ចលើកដំបូង ដោយរដ្ឋមន្ត្រីនូវែលសេឡង់ គិតចាប់តាំងពីឆ្នាំ២០១៩មក ដោយលោកស្រី ម៉ាហ៊ូតា បានជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចស្ត្រី មុនពេលជួប លោក ឈិន។

បើតាមថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះ លោកស្រី ម៉ាហ៊ូតា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីតស៊ូមតិរកវិធីសាស្រ្ត និងលទ្ធផលដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍ និងតម្លៃរបស់ប្រទេសនូវែលសេឡង់ រួមទាំងការងារសិទ្ធិមនុស្ស។ លោកស្រី ម៉ាហ៊ូតា ក៏មានបំណងលើកឡើងពីការព្រួយបារម្ភរបស់នូវែលសេឡង់ អំពីបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងសកលលោក រួមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់ថា ទំនាក់រវាងនូវែលសេឡង់ និងប្រទេសចិន នៅតែមានភាពស្និទ្ធស្នាល ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់ពួកគេកលាពីឆ្នាំ២០២២ នៅតែមានភាពប្រសើរឡើង ទោះបីជាទំនាក់ទំនងរបស់អូស្ត្រាលីជាមួយចិនកាន់តែយ៉ាប់យ៉ឺនក៏ដោយ។ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់នូវែលសេឡង់៕