ចិនបណ្តេញនាវាចម្បាំងអាមេរិកសាជាថ្មី ដែលបានចូលមកដែនទឹកក្បែរទីប្រជុំកោះមានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង ២ថ្ងៃជាប់ៗគ្នា (Video inside)
24-03-2023 14:10
(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃសុក្រនេះ បាននិយាយថា ជាថ្មីម្តងទៀត ខ្លួនត្រូវបង្ខំតាមឃ្លាំមើលនិងបណ្តេញ នាវាចម្បាំងអាមេរិក ឈ្មោះ ម៉ាយលៀស (Milius) ដែលបានបន្តបំពានចូលមកក្នុងដែនទឹករបស់ចិនពីរថ្ងៃជាប់ៗគ្នា នៅតំបន់សមុទ្រចិនខាងត្បូងក្បែរទីប្រជុំកោះ ប៉ារ៉ាសែល (Paracel)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងសូមទាមទារជាកំហិតឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុបែបនេះ ហើយបើពុំដូច្នោះទេនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ នៃឧប្បត្តិហេតុដែលមិនអាចមើលឃើញមុន ជាក់ជាមិនខាននោះឡើយ»។ ចំណែកឯយោធាជើងទឹកអាមេរិកបានអះអាងថា សកម្មភាពនៃនាវាចម្បាំងបំពាក់មីស៉ីលរបស់ខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍។
យោធាជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការទាមទារចំណែកដែនទឹកយ៉ាងធំសម្បើម និងមិនស្របច្បាប់នៅសមុទ្រចិនខាងត្បូង បង្កការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះសេរីភាពនៃលំហសមុទ្រ រាប់បញ្ចូលទាំងសេរីភាពនៃការធ្វើនាវាចរណ៍ សិទ្ធិហោះហើរកាត់ពីលើ សិទ្ធិធ្វើពាណិជ្ជកម្មដោយសេរី ក៏ដូចជាសេរីភាពនៃកាលានុវត្តភាពសេដ្ឋកិច្ច សម្រាប់បណ្តាប្រទេសដែលមានឆ្នេរជាប់ដែនសមុទ្រដ៏ធំមួយនេះ។
គួរបញ្ជាក់ថា វាគឺជាការប្រឈមមុខដាក់គ្នា២ថ្ងៃជាប់ៗគ្នាហើយ រវាងកំពូលមហាអំណាចទាំង២ ពាក់ព័ន្ធវត្តមាននាវាចម្បាំងអាមេរិកខាងលើ នៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹង កំពុងតែកើនឡើងស្រាប់នៅក្នុងតំបន់ផ្លូវទឹកនេះ ដែលមួយឆ្នាំៗមានលំហូរពាណិជ្ជកម្មទំហំខ្ទង់ទ្រីលានដុល្លារ ធ្វើដំណើរឆ្លងកាត់៕