(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងថា យោធាអាមេរិកបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស នៅភាគខាងកើតស៉ីរី ប្រឆាំងទៅលើក្រុមគាំទ្រដោយអ៉ីរ៉ង់ ដែលត្រូវទីក្រុងវ៉ាស៉ីនតោនទម្លាក់កំហុសថា គឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្តហោះដ្រូន ដែល​បានផ្តាច់ជីវិតអ្នកម៉ៅការយោធាអាមេរិកម្នាក់ និងបង្កឱ្យម្នាក់ទៀតរបួស ហើយកងទ័ពអាមេរិក៥នាក់ ក៏បានទទួលរងរបួសផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអាមេរិក ដែលត្រូវបានធ្វើឡើង​កាលពីយប់ថ្ងៃព្រហស្បតិ៍ គឺជាការសងសឹកចំពោះការវាយប្រហារមួយ កាលពីរសៀលថ្ងៃដដែល មកលើមូលដ្ឋាននៃក្រុមយោធាចម្រុះដឹកនាំ​ដោយសហរដ្ឋអាមេរិក ដែលស្ថិតនៅក្បែរទីក្រុងហាស្សាកេ (Hassakeh) ភាគឦសានប្រទេសស៉ីរី។

បណ្តាញស៉ើបការណ៍សម្ងាត់អាមេរិក បានកំណត់ថា ដ្រូនដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនោះ គឺមានប្រភពដើមពីអ៉ីរ៉ង់ ហើយ​រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា ប្រតិបត្តិការទម្លាក់គ្រាប់បែកបានវាយប្រហារទៅលើ ក្រុមដែលជាប់ពាក់ព័ន្ធនឹង​កងកម្លាំងឆ្មាំបដិវត្តន៍របស់អ៉ីរ៉ង់ នៅភាគខាងកើតស៉ីរី។ លោក អូស្ទីន បាននិយាយថា លោកបានអនុញ្ញាតឱ្យ​មានការចេញប្រតិបត្តិការសងសឹងនេះ ក្រោមការបង្គាប់ដោយផ្ទាល់ពី​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា កងទ័ពអាមេរិកបានចូលទៅក្នុងប្រទេសស៉ីរី កាលពីឆ្នាំ២០១៥ ក្រោមហេតុផលដើម្បីគាំទ្រក្រុមយោធាចម្រុះអន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ បច្ចុប្បន្ន កងទ័ពអាមេរិកប្រហែលខ្ទង់៩០០នាក់ ត្រូវបានដាក់ពង្រាយស៉ីរី រួមមានទាំងនៅភាគខាងជើង ខាងត្បូង និងខាងកើត៕