(បាងកក)៖ មន្ត្រីទូតកំពូលមួយរូបរបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា ការគាំទ្ររបស់រុស្ស៊ីចំពោះរបបយោធាមីយ៉ាន់ម៉ា គឺជារឿងដែលមិនអាចទទួលយកបានហើយធ្វើឲ្យមានអស្ថិរភាព តាមរយៈការផ្គត់ផ្គង់អាវុធដែលជួយបញ្ឆេះជម្លោះឲ្យក្លាយជាមហន្តរាយនៃប្រទេសអាស៊ានមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៉ីអាគ្នេយ៍ លោក ដេរ៉ិក ឆូលឡេត (Derek Chollet) ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ Reuters ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីផលប៉ះពាល់កាន់ទូលំទូលាយនៃវិបត្តិនៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារនៅឆ្នាំ២០២១ និងភាពរីកចំរើននៃទំនាក់ទំនងរវាងរបបយោធាជាមួយរុស្ស៉ី ដែលអាចស្វែងរកការបង្កើតមូលដ្ឋានយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ឆូលឡេត បានគូសបញ្ជាក់ថា «សម្រាប់អ្នកណាដែលកំពុងធ្វើទំនាក់ទំនងជាមួយទីក្រុងមូស្គូ ត្រូវប្រាប់ពួកគេថាការបន្តគាំទ្រខាងយោធារបស់ពួកគេចំពោះរបបយោធាមីយ៉ាន់ម៉ា គឺជារឿងដែលមិនអាចទទួលយកបានទេ ព្រោះវានាំឲ្យមានអស្ថិរភាព។ ហើយវាមិនត្រឹមតែជាបញ្ហាសម្រាប់មីយ៉ាន់ម៉ាទេ តែវាជាបញ្ហាសម្រាប់តំបន់នេះតែម្តង»។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៉ីវិល ដោយមានមនុស្សប្រហែល ១.២លាននាក់ត្រូវភៀសខ្លួនដោយសារតែការប្រយុទ្ធគ្នា។ ក្រុមសកម្មជន និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសរុស្ស៉ីដែលជាមហាអំណាចដំបូងគេដែលបញ្ចេញសំឡេងគាំទ្ររបបយោធាមួយនេះ៕