(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចនៅតំបន់ Kherson ភាគខាងត្បូង ដោយបានធ្វើដំណើរទៅមើលហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងសន្យាថានឹង «ស្តារអ្វីៗទាំងអស់ឡើងវិញ» ក្រោយការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចទៅកាន់តំបន់ ដែលអ៊ុយក្រែនបានដណ្តើមបានយកមកវិញពីការកាន់កាប់រុស្ស៉ី ដោយជោគជ័យកាលពីចុងឆ្នាំមុននេះ គឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកនៅក្រៅក្រុងកៀវក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃពុធ លោកបានទៅសួរសុខទុក្ខទាហាននៅជិតទីក្រុងជួរមុខ Bakhmut ភាគខាងកើតនៃប្រទេស។
លោក Zelensky បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដោយភ្ជាប់ជាមួយរូបភាពនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ Kherson ថា «ខ្ញុំបានជួបពិភាក្សាជាមួយអ្នករស់នៅក្នុងតំបន់អំពីបញ្ហា និងតម្រូវការបច្ចុប្បន្នរបស់ពួកគេ»។
លោកបានសង្កត់ធ្ងន់ថា «យើងនឹងស្តារអ្វីៗទាំងអស់ឡើងវិញ។ យើងនឹងសាងសង់ឡើងវិញដូចគ្នានឹងគ្រប់ទីក្រុង និងភូមិដែលរងគ្រោះដោយសារអ្នកឈ្លានពាន»។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនកាលពីឆ្នាំមុន បានរុញកងកម្លាំងរុស្ស៊ីចេញពីរដ្ឋធានី Kherson បន្ទាប់ពីការកាន់កាប់អស់ជាច្រើនខែ។ កម្មករនៅតំបន់នេះកំពុងមមាញឹកក្នុងការស្តារចរន្តអគ្គិសនី និងទឹកឡើងវិញ៕