(តូក្យូ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសជប៉ុន លោក រ៉ាម អេម៉ានូអែល (Rahm Emanuel) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាប្រទេសជប៉ុនជាដើម កំពុងតែខ្នះខ្នែងរួមសហការគ្នា ដើម្បីទប់ស្កាត់កុំឱ្យមានសង្រ្គាមផ្ទុះឡើងបាន ចំពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់កម្មវិធី Asia’s first របស់ប៉ុស្តទូរទស្សន៍ CNA នៅខាងក្រៅសន្និសីទជប៉ុនរបស់វិទ្យាស្ថានមីលខិន (Milken) លោក អេម៉ានូអែល បានកត់សម្គាល់ថា អ្វីដែលជប៉ុនបានធ្វើនៅក្នុងតំបន់ទាក់ទងនឹងវិស័យការពារជាតិ គឺជាការបំពេញបន្ថែមលើសសរស្តម្ភផ្សេងទៀត នៃការការពាសន្តិសុខជាតិរបស់ខ្លួន។ ប្រសិនបើយើងនិយាយដល់សហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានប្រកាន់យកនូវវិធីសាស្រ្ត «ផ្តល់ថាមពលដល់សម្ព័ន្ធមិត្ត និងដៃគូ ដើម្បីធ្វើការជាមួយគ្នា» ក្រោមចក្ខុវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។

លោក អេម៉ានូអែល បានបន្ថែមថា មធ្យោបាយដ៏ល្អបំផុតដើម្បីជៀសវាងជម្លោះ នោះគឺសមត្ថភាពទប់ស្កាត់កុំឱ្យមានការបំផ្ទុះជម្លោះ ដែលមានការចូលរួមពាក់ព័ន្ធយ៉ាងសកម្ម ហើយត្រូវបានគិតគូយ៉ាងហ្មត់ចត់ ខណៈគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់ ដែលស្ថិតនៅជាប់​ប្រទេសចិន សុទ្ធតែកំពុងចូលរួមពាក់ព័ន្ធ ក្នុងទម្រង់ណាមួយ ដោយសារតែពួកគេព្រួយបារម្ភ អំពីការកើនឡើងឥទ្ធិពលយ៉ាងឆាប់រហ័ស​របស់ចិន។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក អេម៉ានូអែល ខាងលើនេះ គឺត្រូវបានធ្វើឡើង ពាក់ព័ន្ធទៅនឹង វិធានការរបស់ទីក្រុងតូក្យូ ស្តីពីការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង និងការបោះជំហានឃ្លាតឆ្ងាយពីគោលជំហរសន្តិភានិយមពរបស់ខ្លួន ព្រមទាំងពាក់ព័ន្ធសំណួរថា ទាំងនេះអាចមានន័យថាអាមេរិក និងជប៉ុន កំពុងត្រៀមលក្ខណៈសម្រាប់ជម្លោះដ៏ធំមួយនៅក្នុងតំបន់ ឬយ៉ាងណា៕