(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា កងទ័ពកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក មានផែនការ​ប្រារព្ធ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់ នៅខែមិថុនា ឆ្នាំនេះ ដើម្បីជាការដំឡើងសាច់ដុំយោធាដាក់កូរ៉េខាងជើង ដែលបានបន្តបង្កើនភាពតា​នតឹង តាមរយៈការធ្វើតេស្តមីស៉ីល ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធខាងលើគឺជាផ្នែកនៃព្រឹត្តិការណ៍មួយចំនួន ដែលត្រូវបានគ្រោង​ជាពិសេស សម្រាប់ឱកាសខួប៧០ឆ្នាំ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ ហើយកំលុងលំហាត់បាញ់គ្រាប់ពិតនោះ កងកម្លាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងរួមគ្នាបង្ហាញសមត្ថភាពប្រយុទ្ធ ក៏ដូចជាសមត្ថភាពចល័តសព្វាវុធនិងកងទ័ពដ៏ខ្លាំងក្លារបស់​សម្ព័ន្ធមិត្តទាំងពីរ នៅក្នុងទំហំធំមិនធ្លាប់មានពីមុនមកនោះឡើយ។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មកនេះ កូរ៉េខាងជើងបានបង្កើនការធ្វើតេស្តសព្វាវុធរបស់ខ្លួន រួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគ​ ICBM ព្រមទាំង ការធ្វើសមយុទ្ធវាយបកដោយនុយក្លេអ៊ែរ ប្រឆាំងអាមេរិកនិងកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន ក៏ដូចជាការបាញ់មីស៉ីលគ្រូសចំនួន៤គ្រាប់ ក្នុងសប្តាហ៍នេះ។ សកម្មភាពបង្កហេតុរបស់ទីក្រុងព្យុងយ៉ាងគឺកើតមានឡើង ស្របពេលដែលទីក្រុងសេអ៊ូលនិងវ៉ាស៉ីនតោន បានធ្វើការហ្វឹកហ្វឺននិងសមយុទ្ធយោធាច្រើនប្រភេទ កំលុងមួយរយៈចុងក្រោយនេះ ដោយរួមមានទាំងសមយុទ្ធផ្លូវអាកាស ដែលមានការ​ចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-1B ហើយនិងការធ្វើលំហាត់យោធាផ្តោតលើ​ប្រតិបត្តិការបញ្ជូនកងទ័ពនិងសព្វាវុធពីដែនសមុទ្រឡើងទៅលើដីគោក ដែលមានទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំមកនេះ ផងដែរ៕