(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នៅថ្ងៃពុធនេះបាននិយាយថា ហានិភ័យនៃការប៉ះទង្គិចនុយក្លេអ៊ែរគឺស្ថិតក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ខណៈទីក្រុងមូស្គូកំពុងស្ថិតក្នុងស្ថានភាពមួយ មើលទៅហាក់ដូចជាមានជម្លោះបើកចំហជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងព្រឹត្តការណ៍មួយក្រោមប្រធានបទ «ពិភពលោកដែលគ្មានកិច្ចព្រមព្រៀង START តើមានអ្វីបន្ទាប់កើតឡើង?» លោក រីយ៉ាបកូវ និយាយថា គ្មានអ្វីត្រូវសួរទេលើការស្ដារឡើងវិញនូវ សន្ធិសញ្ញានាពេលនេះ ដោយសារតែគោលជំហរអមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងមូស្គូ។

ទីភ្នាក់ងារព័ត៌មានរុស្ស៉ី Interfax បានដកស្រង់សម្តីរបស់លោក រីយ៉ាបកូវ ដែលបានគូសបញ្ជាក់ថា «ខ្ញុំមិនចង់និយាយពីកម្រិតលទ្ធភាពនៃការផ្ទុះជម្លោះនុយក្លេអ៊ែរនោះទេ ប៉ុន្តែវាខ្ពស់ជាងអ្វីដែល យើងធ្លាប់មានសម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក។ រុស្ស៉ីបានប្តេជ្ញាចិត្តរក្សាពិភពលោកឲ្យមានសុវត្ថិភាព និងសេរីភាពពីការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែស្ថានភាពបែបនេះមិនអាច បន្តដូចធម្មតាបានទេ ដោយសារតែទីក្រុងមូស្គូឥលូវនេះស្ថិតក្នុងស្ថានភាពមើលទៅហាក់ដូចជាកំពុងមានជម្លោះដោយបើកចំហជាមួយសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាង​រុស្ស៉ី និង​អាមេរិក ដែល​មាន​ភាព​តានតឹង​ជា​យូរ​មក​ហើយកាន់តែធ្លាក់ចុះដុនដាប ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ឆ្នាំ២០២២។ កាលពីខែកុម្ភៈ កន្លងទៅ ទីក្រុងមូស្គូ បានដកខ្លួនចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយទីក្រុងវ៉ាស៉ីនតោន៕