(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិក (DIA) លោក ស្កុត ប៊ែររៀ (Scott Berrier) បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងមិនដាក់ បញ្ជាធ្វើតេស្ដអាវុធនុយក្លេអ៊ែរ កំលុងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងប្រុងជើងការខ្ពស់ជានិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មានៅឯទីស្នាក់ការ DIA នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ស្កុត ប៊ែររៀ បានកត់សម្គាល់ថាមានកត្តាជាច្រើនដែលអាចជំរុញការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន លើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ហើយគួរណាស់ លោកអាចបញ្ជាឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ចំពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នាដែលគ្រោងនឹងបញ្ចប់ នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ទាំងសញ្ញាបង្ហាញ និងការព្រមានមិនមានភាពស៊ីសង្វាក់គ្នានោះទេ ដែលនេះមើលទៅលោក គីម ជុងអ៊ុន ទំនងជានឹងមិនធ្វើបែបនេះទេ តែលោកអាចនឹងធ្វើវានៅពេល ណាមួយផ្សេង អាស្រ័យលើពេលវេលា និងទីតាំងដែលលោកជ្រើសរើស។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកធ្លាប់បានព្រមានជាច្រើនលើកមកហើយថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ដោយសូម្បីតែ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan និងមន្ត្រីអាមេរិកជាច្រើនទៀតក៏បានព្រមានដូចគ្នានេះដែរកាលពីខែឧសភា ឆ្នាំ២០២២ មុននឹងលោក ចូ បៃដិន បំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី៕