(ប៉េកាំង)៖ ថ្ងៃទី ២៣ ខែមីនាឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី បន្ទាប់ពីលោកបន្តកាន់តំណែងជាប្រធានរដ្ឋចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «សម្របនឹងចរន្តវិវឌ្ឍរីកចម្រើននៃយុគសម័យ ជំរុញសន្តិភាពនិងវឌ្ឍនភាពសកល» នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ ដោយលើកឡើងថា បណ្តាប្រទេសនានាបានប្រាស្រ័យទាក់ទងគ្នានិងពឹងផ្អែកលើគ្នា កាន់តែស៊ីជម្រៅដែលជាកម្រិតពុំធ្លាប់មាន មនុស្សជាតិរស់នៅក្នុងភូមិភពផែនដីតែមួយ ហើយក្លាយទៅជាសហគមន៍វាសនារួមមួយ។

រហូតដល់បច្ចុប្បន្ននេះ លោក Anatoly Torku Torkunov វិទ្យាធិការនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ ដែលបានកាន់តំណែងជាង ៣០ ឆ្នាំមកហើយ នៅតែចាំយ៉ាងច្បាស់នូវទិដ្ឋភាពនៅថ្ងៃនោះ៖ ក្នុងសាលប្រជុំនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានអង្គុយពេញគ្រូបង្រៀននិងនិស្សិតជាងមួយពាន់នាក់ បរិយាកាសកក់ក្តៅយ៉ាងខ្លាំង។

លោក Anatoly Torku Torkunov ថ្លែងថា “លោកប្រធានរដ្ឋ Xi Jinping គឺជាមេដឹកនាំដែលប្រកបដោយភាពទាក់ទាញ ខាងបុគ្គលិកលក្ខណៈដ៏ពិសេស មេដឹកនាំប្រទេសធំដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិនិងកិច្ចការអន្តរជាតិ បានមកថ្លែងសុន្ទរកថានៅសាលាយើង គឺធ្វើឱ្យលោកគ្រូអ្នកគ្រូនិងនិស្សិតទាំងឡាយមានកិត្តិយសខ្លាំងណាស់”
លោក Anatoly Torku Torkunov បន្តថា សុន្ទរកថារបស់លោកប្រធានរដ្ឋ Xi Jinping មានខ្លឹមសារសម្បូរបែប មានគំនិតស៊ីជម្រៅដែលធ្វើឱ្យគ្រប់គ្នានៅកន្លែងប្រជុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។

លោកថា គ្រូល្អម្នាក់ប្រសើរជាងសៀវភៅមួយម៉ឺនក្បាល។ លោកប្រធានរដ្ឋ Xi Jinping មិនត្រឹមតែជាមេដឹកនាំប្រទេសធំមួយរូបប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនរបស់យើងគ្រប់គ្នា។ អ្វីដែលធ្វើឱ្យលោក Anatoly Torku Torkunov កាន់តែរំភើបនោះ គឺវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូជាកន្លែងដែលលោក Xi Jinping លើកឡើងនូវគំនិតសហគមន៍រួមវាសនាតែមួយជាលើកដំបូង។

លោក Anatoly Torku Torkunov បន្តទៀតថា បើធៀបនឹងទ្រឹស្តីទំនាក់ទំនងអន្តរជាតិផ្សេងទៀត គន្លឹះនៃគំនិតកសាងសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិគឺនៅត្រង់វាបានទាក់ទងជាមួយវិស័យសំខាន់ៗជាច្រើន នៃសង្គមជាតិនិងការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូល ថែមទាំងបានបង្ហាញពីធាតុពិតរបស់វាផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន