Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូងចោទប្រកាន់ជាផ្លូវការលើ មេដឹកនាំបក្សប្រឆាំង លោក Lee Jae Myung ពីបទប្រព្រឹត្តអំពើពុករលួយ (Video inside)

22-03-2023 17:05

(សេអ៊ូល)៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំង លោក លី ចេម្យុង (Lee Jae-myung) នៅថ្ងៃពុធនេះ ពីបទពុករលួយ ក្នុងរឿងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យតម្លៃ១ពាន់លានដុល្លារ ដែលកើតឡើងកំលុងពេលលោក កាន់តំណែងជាអភិបាលក្រុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័តមាន Yonhap នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

Yonhap បានរាយការណ៍ថា លោក លី ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ និងធ្លាប់ចាញ់លោកប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន រួមទាំងការស៉ីសំណូក អំពើពុករលួយ ការរំលោភលើទំនុកចិត្ត និងជម្លោះផលប្រយោជន៍។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង កំពុងស្វែងរកចាប់ខ្លួនលោក លី បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ១៨ខែ លើគម្រោងសាងសង់មួយដែលមានតម្លៃ ១.១៥ពាន់លានដុល្លារ។ លោក លី បានគប់គិតជាមួយក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជន នៅពេលធ្វើជាអភិបាលក្រុងស៉ឹងណាម (Seongnam) ដើម្បីជួយពួកគេប្រមូលប្រាក់ជាង ៦១១លានដុល្លារ ពីគម្រោងនោះ។ លោក លី ក៏ត្រូវបានចោទប្រកាន់ពីបទទទួល ឬទាមទារប្រាក់ជិត ១៤លានដុល្លារពីក្រុមហ៊ុនចំនួន៤ ដើម្បីជាសំណូកសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ក្លឹបបាល់ទាត់មួយ ដែលស្ថិតក្នុងទីក្រុងរបស់លោក ជាថ្នូរនឹងការអនុគ្រោះផ្នែករដ្ឋបាលផងដែរ។

គួរបញ្ជាក់ថា សភា​ដែល​មានសំឡេងភាគច្រើនមកពីគណបក្ស​របស់​លោក លី កាលពី​ខែ​កុម្ភៈ បាន​បោះឆ្នោត​ទម្លាក់​សំណើ​សុំលើក​លែង​អភ័យឯកសិទ្ធិដែលត្រូវបានផ្តល់ឱ្យសមាជិកសភាកូរ៉េខាងត្បូង។ លោក លី ចេម្យុង ដែលមានតំណែងជាអភិបាលក្រុងស៉ឹងណាម ចាបពី​ឆ្នាំ២០១០-២០១៨ បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយថាក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានប្រឌិតការចោទប្រកាន់ទាំងនេះឡើយ ក្រោមហេតុផលនយោបាយ៕