UPDATE: ការរញ្ជួយដីនៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន សម្លាប់មនុស្ស ១៣នាក់ របួសច្រើនជាង ៩០នាក់ (Video inside)
22-03-2023 13:41
(កាប៊ុល)៖ ក្រុមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់បានស្លាប់ និងជាង ៩០នាក់បានរងរបួសនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។
បើតាមមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន មនុស្សចំនួន ៩នាក់បានស្លាប់ និង៤៤នាក់ទៀតរងរបួសនៅភាគពាយព្យនៃប្រទេស។ ចំណែកអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ចំនួន ៤នាក់ និងរបួសចំនួន ៥០នាក់។ អាជ្ញាធរបានឲ្យដឹងថា ផ្ទះនិងអគារក្នុងប្រទេសទាំងពីរក៏រងការខូចខាតផងដែរ។
គ្រោះរញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍ដឹងថាកើតឡើង លើផ្ទៃដីជាង ១,០០០គីឡូម៉ែត្រក្រឡាគ្របដណ្តប់ដោយប្រជាជនប្រមាណ ២៨៥លាននាក់ នៃប្រទេសប៉ាគីស្ថាន ឥណ្ឌា អ៊ូសបេគីស្ថាន តាជីគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន អាហ្វហ្គានីស្ថាន និងតូមិននីស្ថាន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សជាង ១,០០០នាក់។ ដោយឡែក នៅឆ្នាំ២០០៥ មនុស្សយ៉ាងតិច ៧៣,០០០នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រដែលបានវាយប្រហារភាគខាងជើងប្រទេសប៉ាគីស្ថាន៕