(អូតាវ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ច ដែលពន្យាពេលជាយូមកហើយទៅកាន់ប្រទេសកាណាដា ក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីការរួបរួមគ្នាលើបញ្ហាអ៊ុយក្រែន និងបរិស្ថាន ប៉ុន្តែចំពោះជម្លោះពាណិជ្ជកម្មដ៏តឹងតែងនៃប្រទេសទាំងពីរទំនងជាមិនមានភាពរីកចម្រើនប៉ុន្មាននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

លោក បៃដិន នឹងស្ថិតនៅរដ្ឋធានីអូតាវ៉ា (Ottawa) របស់ប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះដើម្បីថ្លែងទៅកាន់សភា និងជួបនាយករដ្ឋមន្ត្រី លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau)។ ជាធម្មតា ប្រធានាធិបតីអាមេរិក តែងតែបំពេញទស្សនកិច្ចនៅក្រៅប្រទេសដំបូងរបស់ខ្លួន ទៅកាន់ប្រទេសកាណាដា តែត្រូវបានពន្យារពេលដោយសារតែការការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។​

គួរបញ្ជាក់ថា ច្បាប់កាត់បន្ថយអតិផរណា (IRA) របស់លោក បៃដិន ដែលបានអនុម័តកាលពីឆ្នាំ២០២២ ដែលរួមមានការលើកទឹកចិត្តដ៏ធំសម្រាប់ការវិនិយោគៃឧស្សាហកម្មបៃតងនៅសហរដ្ឋអាមេរិកនោះ បានបង្ខំឲ្យកាណាបង្កើតលក្ខខណ្ឌវិនិយោគខុសគ្នារបស់ខ្លួន។ ទោះបីជាមានការឯកភាពគ្នាបញ្ហាលើអ៊ុយក្រែនក្តី ក៏សហរដ្ឋអាមេរិកមិនសូវសប្បាយចិត្តចំពោះការចំណាយលើវិស័យការពារជាតិរបស់កាណាដា ដែលខកខានជាយូរមកហើយក្នុងការបំពេញតាមគោលដៅចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុបដែលកំណត់ដោយសមាជិកអង្គការណាតូ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏ចង់ឲ្យកាណាដា ដោះស្រាយ ភាពចលាចលដែលអាចកើតចេញពីបេសកកម្មសន្តិសុខរបស់កាណាដានៅប្រទេសហៃទីផងដែរ ប៉ុន្តែនៅក្នុងខែមីនានេះ ឧត្តមសេនីយកំពូលរបស់កាណាដានិយាយថាខ្លួនមិនមានសមត្ថភាពនោះទេ។

គួរបញ្ជាក់ថា បើតាមមន្រ្តីអាមេរិក និងកាណាដា មិនមានការប្រកាសសំខាន់ៗថ្មីណាមួយទំនងជាត្រូវធ្វើឡើងនោះទេ។ គេរំពឹងថាមេដឹកនាំទាំងពីរអាចបន្តយល់ព្រមធ្វើការលើវិស័យដែល មានភាពខ្វែងគំនិតគ្នា ប៉ុណ្ណោះ ដូចជាការចំណាយលើវិស័យការពារជាតិ វិបត្តិនៅប្រទេសហៃទី និងជម្លោះពាណិជ្ជកម្មលើផលិតផលទឹកដោះគោ ជាដើម៕