(បារីស)៖ ក្រុមអ្នកតវ៉ាក្នុងប្រទេសបារំាងបាននាំគ្នាដុតគំនរសំរាមនៅកណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីរដ្ឋាភិបាលលោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ទើបនឹងបានរួចផុតពីការបោះឆ្នោតដកទំនុកចិត្តនៅក្នុងសភា ជុំវិញកាធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងជាសាធារណៈ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

ជោគជ័យក្នុងការបោះឆ្នោតដកទំនុកចិត្តយ៉ាងប្រផិតប្រផោយនេះ នឹងធ្វើឲ្យលោក ម៉ាក្រុង ធូរស្រាលបន្តិច ប៉ុន្តែប្រសិនបើបរាជ័យវានឹងបំផ្លាញរដ្ឋាភិបាលរបស់លោក ហើយសម្លាប់ច្បាប់ដំឡើងអាយុចូលនិវត្តន៍ដែលនឹងកំណត់នៅអាយុ ៦៤ឆ្នាំ។ យ៉ាងនេះក្តី វាអាចសង្រ្គោះបានរយៈពេលខ្លីប៉ុណ្ណោះ។ នៅតាមវិថីដ៏ល្បីល្បាញបំផុតមួយចំនួននៃទីក្រុងប៉ារីស ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះគំនរសំរាម ដែលនៅសេសសល់ពីការធ្វើកូដកម្មជាច្រើនថ្ងៃ ខណៈដែលអ្នកតវ៉ាបន្តអុកឡុកជាមួយក្រុមប៉ូលិស។

គួរបញ្ជាក់ថា ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល និយាយថាលទ្ធផលបោះឆ្នោតផ្តល់ទំនុកចិត្តក្នុងសភាបារាំង ដែលមានសំលេងគាំទ្រឈ្នះបន្តិចបន្តួចនេះ បង្ហាញថាការសម្រេចចិត្តរបស់លោក ម៉ាក្រុង លើច្បាប់ប្រាក់សោធននិវត្តន៍ បានធ្វើឲ្យខូចខាតដល់របៀបវារៈនៃកំណែទម្រង់ និងធ្វើឲ្យរបបដឹកនាំរបស់លោកចុះខ្សោយ៕