(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រកាសពីបញ្ជីឃ្លាំមើលមួយ ដែលរារាំងការនាំទំនិញជាប់ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍផ្កាយរណប របស់កូរ៉េខាងជើង ដែលសេចក្តីប្រកាសនេះកើតមានឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់តេស្ត មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ចូលទៅក្នុងសមុទ្រនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ទំនិញសរុបចំនួន ៧៧មុខនៅក្នុងបញ្ជីខាងលើ នឹងត្រូវហាមឃាត់មិនឱ្យនាំចេញទៅកាន់កូរ៉េខាងជើង តាមរយៈប្រទេសជាភាគីទី៣ ឡើយ ដោយចំណាត់ការនេះធ្វើឡើង ដើម្បីបង្កើនការអនុវត្ត​ទណ្ឌកម្មទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង។ បញ្ជីនេះបានដាក់គោលដៅជាពិសេសទៅលើការអភិវឌ្ឍផ្កាយរណប របស់កូរ៉េខាងជើង បន្ទាប់ពី​ប្រទេសឯកោមួយនេះបាននិយាយថា ខ្លួននឹងអភិវឌ្ឍផ្កាយរណបចារកម្មថ្មីមួយ ឱ្យបាននៅត្រឹមខែមេសា ឆ្នាំនេះ។ មិនតែប៉ុណ្ណោះ ទីក្រុងសេអ៊ូល បានឱ្យដឹងទៀតថា ខ្លួនក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤នាក់ថ្មី និងអង្គភាព៦ថ្មី ដែលជាប់ពាក់ព័ន្ធកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបង្កើនការធ្វើតេស្តបាញ់មីស៉ីលយ៉ាងញឹកញាប់ ចាប់តាំងតែពីឆ្នាំមុនមក ខណៈកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានបាញ់សាកល្បងមីស៉ីល ICBM Hwasong-17 ដែលមានអានុភាពបំផុតរបស់ខ្លួន ជាថ្មីម្តងថែមទៀតផង ក្នុងសកម្មភាពដែលទីក្រុងព្យុងយ៉ាងហៅថា ជាការព្រមានចំពោះសត្រូវ។ ដោយឡែក ក្រុមប្រឹក្សាសន្តិសុខ UN នៅតែមិនទាន់ស្វែងរកការឯកភាពគ្នាបាននៅឡើយទេ ជុំវិញវិធានការចំពោះការបាញ់មីស៉ីលឥតឈប់ឈររបស់កូរ៉េខាងជើងនេះ ស្របពេលដែល​រុស្ស៉ីនិងចិនបានបន្ទោសលើ ការធ្វើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូង គឺជាការបង្កហេតុដាក់ទីក្រុងព្យុងយ៉ាង៕