(មូស្គូ)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះថា លោកផ្ទាល់ជឿជាក់ថាប្រជាជនរុស្ស៊ីនឹងបន្តគាំទ្ររូបលោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលនឹងមកដល់នៅឆ្នាំ២០២៤ បើទោះបីជាលោក ពូទីន មិនទាន់បានប្រកាសជាផ្លូវការថានឹងចូលរួមក្នុងការបោះឆ្នោត ដែរឬក៏យ៉ាងណា ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើ កំឡុងជំនួបមួយជាមួយលោក ពូទីន។ លោក ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំដឹងថារុស្ស៉ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី។ ក្រោមការដឹកនាំដ៏រឹងមាំរបស់អ្នក (លោក ពូទីន) រុស្ស៉ីបានបោះជំហានយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។ ខ្ញុំមានទំនុកចិត្តថាប្រជាជនរុស្ស៉ី នឹងបន្តផ្តល់ការគាំទ្រ យ៉ាងរឹងមាំដល់អ្នក»

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ការលើកឡើងរបស់លោក ស៉ី បែបនេះមិនមែនជាការសន្មត់ថា លោក ពូទីន នឹងត្រូវតែ ឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនោះទេ។ ប៉ុន្តែវិមានក្រឹមឡាំង មានទស្សនៈយល់ឃើញដូចគ្នាទៅនឹងលោក ស៊ី ជិនពីងដែរចំពោះការគាំទ្ររបស់ប្រជាជនរុស្ស៉ីសម្រាប់ លោក ពូទីន។

គួរបញ្ជាក់ថា លោក ពូទីន ដែលបានឡើងកាន់អំណាចនៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ គ្រាដែលលោក បូរីស យែលស៉ិន (Boris Yeltsin) លាលែងពីតំណែង ហើយបានក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់វិមានក្រឹមឡាំង គិតចាប់តាំងពីលោក ចូសេហ្វ ស្តាលីន (Josef Stalin)មក៕