(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ នៅថ្ងៃចន្ទ ទី២០ ខែមីនានេះ ក្រោមក្របខណ្ឌនៃ «ដំណើរទស្សនកិច្ចមិត្តភាព» កិច្ចសហប្រតិបត្តិការ និងសន្តិភាព។ ដំណើ រទស្សនកិច្ចនេះកើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំងបញ្ចេញផែនការសន្តិភាព១២ចំណុចរបស់ខ្លួន ជាមួយការអំពាវនាវឱ្យមាន «បទឈប់បាញ់មួយ» នៅក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយចិនបានដើរតួនាទីជាអ្នកសម្របសម្រួលដោយជោគជ័យតាមរយៈការជួយសម្រេចបាននូវ កិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។

ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់លោក ស៊ី ជិនពីង ដែលចាប់ផ្ដើមនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នឹងរួមបញ្ចូលទាំងកិច្ចប្រជុំកំពូលទល់មុខគ្នាលើកទី៤០ ជាមួយលោក ពូទីន ដែលលោក ស៉ី ផ្ទាល់ចាត់ទុកថាជា «best friend» និងជាមេដឹកនាំម្នាក់ដែលទើបតែត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនក្រោមបទចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅ អ៊ុយក្រែន។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ដែលទើបតែត្រូវបានជ្រើសរើសជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ជាប់ៗគ្នា មិនធ្លាប់មានចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក និងដែលកំពុងព្យាយាមលើកមុខមាត់ចិននៅលើឆាកអន្តរជាតិ បានរំលេចឡើងនូវក្ដីសង្ឃឹមថាអាចនឹងមានពន្លឺខ្លះៗបាញ់ឆ្ពោះទៅរកច្រកចេញដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី២ហើយ និងបានឆក់យកអាយុជីវិតមនុស្សរាប់ម៉ឺននាក់ ព្រមទាំងបង្ខំឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ក្លាយជាជនភៀសខ្លួន និងបង្កជា វិបត្តិសេដ្ឋកិច្ច អតិផរណានៅទូទាំងពិភពលោក ក៏ដូចការខ្វះក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល។ ក្ដីសង្ឃឹមទាំងនោះមិនមែនត្រឹមកើតឡើងដោយសារតែ ចិនបានទទួលជោគជ័យ ក្នុងការសម្រុះសម្រួលរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែមានសេចក្ដីរាយការណ៍ថាលោក ស៊ី ជិនពីងមានចេតនាចង់បើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅបន្ទាប់ពីជំនួបជាមួយលោក ពូទីន ផងដែរ។ ប្រសិនបើនេះជាការពិតមែន នោះវានឹងក្លាយជាកិច្ចសន្ទនាលើកដំបូងបំផុតរវាងលោក ស៊ី និងលោក ហ្សេលេនស្គី ចាប់តាំងពីរថក្រោះរុស្ស៉ីរុលចូលឈ្លានពានអ៊ុយក្រែន​កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

* អ្នកស្វែងរកសន្តិភាពឱ្យពិភពលោក?
ទោះបីជាតួនាទីការទូតរបស់ចិនមានការកើនឡើងជាសកលក៏ដោយ ក៏ក្រុមអ្នកវិភាគលោកខាងលិចភាគច្រើន នៅតែមើលឃើញថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង ទៅកាន់ ទីក្រុងមូស្គូ គឺមានគោលដៅផ្ដោតជាសំខាន់ទៅលើការពង្រឹង «ទំនាក់ទំនងភាពជាដៃគូគ្មានដែនកំណត់» ដែលលោកបានប្រកាសរួមគ្នាជាមួយលោក ពូទីន កាលពីឆ្នាំ២០២២ ជាងធ្វើជា អ្នកសម្រុះសម្រួលសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែន។ នេះក៏ដោយសារតែចិនដឹងច្បាស់ថាទាំងរុស្ស៉ី និងអ៊ុយក្រែនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ឬក៏មានឆន្ទៈចង់បញ្ចប់សង្រ្គាម នៅឡើយទេ។

នៅត្រង់ចំណុចនេះដែរ លោកស្រី Bonnie Glaser ជានាយកកម្មវិធីអាស៊ី មកពីវិទ្យាសា្ថន German Marshall Fund of the United States បានគូសបញ្ជាក់ដូច្នេះថា «រហូតទាល់តែរុស្ស៉ី និងអ៊ុយក្រែន អស់កម្លាំង ឬបាត់បង់ឆន្ទៈដើម្បីបន្តការប្រយុទ្ធរបស់ពួកគេរៀងៗខ្លួន ហើយចាប់ផ្ដើមសម្លឹងទៅរកច្រកចេញសម្រាប់ជម្លោះសព្វថ្ងៃ បើពុំដូច្នោះទេ វាមិនអាចទៅរួចឡើយ ក្នុងការបញ្ចប់ជម្លោះ ហើយខ្ញុំគិតថាចិននឹងមិនបណ្ដោយឱ្យខ្លួនឯងត្រូវកៀបជាប់នៅចំកណ្ដាលនៃជម្លោះនេះនោះទេ»។ បើតាមលោកស្រី Glaser ផែនការសន្តិភាព១២ចំណុចរបស់ចិន ហាក់ដូចជាសេចក្ដីសង្ខេបពីគោលជំហររបស់ចិន ច្រើនជាងផែនការសន្តិភាព ជាពិសេសដោយសារតែវាមិនបានគូសបញ្ជាក់ជាក់លាក់ពីកន្លែងដែលទីក្រុងប៉េកាំងត្រូវបង្កើនការដើរតួនាទី យ៉ាងសកម្មនោះទេ។

ផែនការនេះបង្ហាញពីគោលជំហរមិនច្បាស់លាស់របស់ចិន កាន់តែមិនច្បាស់លាស់ថែមទៀត។ ពោលគឺខណៈគាំទ្រដល់អធិបតេយ្យរបស់អ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ឯកសារដដែលក៏បានរិះគន់ផងដែរនូវអ្វីដែលទីក្រុងប៉េកាំងហៅថាជា «ផ្នត់គំនិតសង្រ្គាមត្រជាក់» ដោយចង់សំដៅទៅលើការពង្រីកឥទ្ធិពលរបស់ NATO ឆ្ពោះទៅទិសខាងកើត និងការមិនអើពើ របស់លោកខាងលិច ចំពោះក្ដីកង្វល់ពីសន្តិសុខលើកឡើងដោយរុស្ស៉ី។ លើសពីនេះទៅទៀត នៅក្នុងផែនការសន្តិភាព១២ចំណុច ចិនក៏បានថ្កោលទោសការដាក់ទណ្ឌកម្មឯកតាភាគី ប្រឆាំងរុស្ស៉ី ពីសំណាក់បណ្ដាប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិកទៀតផង។ ដូចដែលបានរៀបរាប់មកនេះ លោកស្រី Bonnie Glaser យល់ថាកិច្ចព្រមព្រៀងរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មិនមែនមានន័យថាចិនកំពុងរះឡើងជា «អាជា្ញកណ្ដាលដ៏សំខាន់មួយ» ក្នុងការផ្សះផ្សាជម្លោះនៅលើពិភពលោកនោះទេ។ ក៏ប៉ុន្តែ នោះគឺដោយសារអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតដែលមានជម្លោះស៊ូពូជ នឹងគ្នារាប់ទសវត្សរ៍មកនេះ មានឆន្ទៈចង់ចាប់ផ្ដើមស្ដារទំនាក់ទំនងរបស់ពួកគេឡើងវិញ ហើយចិនខ្លួនឯងអាចក្ដាប់ឱកាសល្អនេះបាន និងលូកដៃម្ដងសម្រេចចេញជាលទ្ធផលតែម្ដង។

* ធ្វើជាមហាអំណាចប្រកបដោយការទទួលខុសត្រូវ
ក្រុមអ្នកជំនាញមួយចំនួនបាននិយាយថាតាមរយៈឥទ្ធិពលរបស់ចិនលើរុស្ស៉ី រួមទាំងចេតនាចង់ក្លាយជាមហាអំណាចប្រកបដោយការទទួលខុសត្រូវក្នុងនយោបាយអន្តរជាតិ អាចនឹងជំរុញឱ្យលោក ស៊ី ជិនពីង នឹងបញ្ចុះបញ្ចូលឱ្យលោក ពូទីន បោះជំហានទៅមុខតិចតួចក៏បានតាមដែលអាចធ្វើទៅបាន ឆ្ពោះទៅរកទិសដៅនៃបទឈប់បាញ់ និងកិច្ចសន្ទនាស្ដីពីសង្រ្គាមនៅអ៊ុយក្រែន។ «ចិនចង់ ឱ្យគេមើលឃើញខ្លួនថាជាមហាអំណាចមួយប្រកបដោយការទទួលខុសត្រូវ»។ នេះជាការគូសបញ្ជាក់របស់លោក Moritz Rudolf ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌល Paul Tsai China Center ដោយបន្ថែមថាវាជាការគួរឱ្យកត់សម្គាល់ដែលចិនបង្ហាញពីគោលជំហររបស់ខ្លួនដូច្នេះ ចំពោះសង្រ្គាមនៅលើទឹកដីអឺរ៉ុប ហើយនេះគឺជាកម្រិតថ្មីមួយនៃការចូលរួមរបស់ចិនក្នុង នយោបាយអន្តរជាតិ។

បើតាមលោក Rudolf បើទោះជាផែនការសន្តិភាពទាំង១២ចំណុចរបស់ចិននៅលើក្រដាស ខ្វះខាតខ្លឹមសារមួយចំនួនក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំងបានចាត់ទុកខ្លួនឯងជាប្រទេសតែមួយគត់ដែល​មានសក្តានុពលមានលទ្ធភាពអាចធ្វើបាន ឬយ៉ាងហោចគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដទៃទៀតដែលគេត្រូវការជាចាំបាច់ ជាផ្នែកមួយនៃដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ នេះគឺស្របទៅនឹងមហិច្ឆតារៀបចំសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ ដែលកន្លងមកចិនមើលឃើញថាមានភាពអយុត្តិធម៌ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនគឺជា អ្នកកំណត់ច្បាប់ដើម្បីតែផលប្រយោជន៍របស់ពួកគេ។ ណាមួយ នេះជារឿងពាក់ព័ន្ធនឹងឥទ្ធិពលចិន ដូច្នេះថាតើសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រ ដ៏ធំសម្បើមរបស់អ៊ុយក្រែន អាចនឹងអនុញ្ញាតឱ្យចិនទទួលបានជោគជ័យ ដែរឬទេ?

គួរបញ្ជាក់ថា បើតាមលោក Moritz Rudolf ថាចិនអាចនឹងដើរតួនាទីយ៉ាងសកម្ម ឬក៏យ៉ាងណានៅក្នុងជម្លោះអ៊ុយក្រែន នឹងបង្ហាញកាន់តែច្បាស់នៅក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅមូស្គូ។ បានន័យថាប្រសិនបើលោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបដទៃណាមួយ នៅបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរុស្ស៉ី ហើយនឹងជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក ហ្សេលេនស្គី ដូចដែលកាសែត Wall Street Journal បានរាយការណ៍ពិតមែន នោះអ្វីៗនឹងបង្ហាញតាមក្រោយថាតើលោក ស៊ី ជិនពីង កំពុងព្យាយាមដើរតួនាទីយ៉ាងសកម្ម ដ៏ប្រាកដប្រជាមួយដែរ ឬក៏យ៉ាងណា។ តែទោះជាយ៉ាងណា អ្វីដែលគេអាចដឹងច្បាស់ នោះគឺខណៈការរំពឹងការរកច្រកចេញសម្រាប់សង្រ្គាមអ៊ុយក្រែន មានកម្រិតទាប លោក ស៊ី និងលោក ពូទីន ច្បាស់ណាស់នឹងពិភាក្សាគ្នាពីការពង្រីក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយោធាឱ្យកាន់តែស៊ីជម្រៅ ដ្បិតមហាអំណាចទាំង២នេះត្រូវរួមដៃគ្នាប្រឆាំងនឹងឥទ្ធិពលអាមេរិក រាប់សិបឆ្នាំ ទៅមុខទៀត ព្រមទាំងបង្ហាញឱ្យលោកខាងលិចឃើញផងដែរថាទំនាក់ទំនងរុស្ស៉ី និងចិនមិនបានរង្គោះរង្គើរឡើយ ទោះនយោបាយសកលលោកចលាចលក៏ដោយ៕