(មូស្គូ)៖ រដ្ឋបាលប្រធានាធិបតីរុស្ស៊ីនៅថ្ងៃចន្ទនេះ បានស្នើឱ្យមន្ត្រីឱ្យឈប់ប្រើប្រាស់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ដោយសារការព្រួយបារម្ភថាឧបករណ៍ទាំងនេះងាយរងគ្រោះដោយភ្នាក់ងារស៊ើបការណ៍លោកខាងលិច។ នេះបើយោងតាមកាសែត Kommersant ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើង ដោយវិមានក្រឹមឡាំងសម្រាប់មន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយក្នុងស្រុក លោក Sergei Kiriyenko អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតី បានសុំឱ្យមន្ត្រីផ្លាស់ប្តូរទូរសព្ទរបស់ពួកគេត្រឹមថ្ងៃទី០១ ខែមេសា។
កាសែត Kommersant បានដកស្រង់សម្តីអ្នកចូលរួមក្នុងកិច្ចប្រជុំមួយរូបដែលបាននិយាយថា «អ្វីគ្រប់យ៉ាងគឺចប់ហើយ សម្រាប់ iPhone។ បោះវាចោល ឬប្រគល់វាទៅឲ្យក្មេងៗ។ អ្នករាល់គ្នានឹងត្រូវធ្វើវានៅខែមីនានេះ»។
ប្រភពដដែលនេះបានគូសបញ្ជាក់ថា វិមានក្រឹមឡាំងអាចនឹងផ្តល់ឧបករណ៍ផ្សេងទៀត ជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងគ្នាដើម្បីជំនួសទូរសព្ទ iPhone ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ដោយគូសបញ្ជាក់ថាស្មាតហ្វូនមិនអាចប្រើប្រាស់សម្រាប់គោលបំណងផ្លូវការណាមួយឡើយ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ៕