(មូស្គូ)៖ ក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៊ី លោក ស៉ី ជិនពីង ប្រធានាធិបតីចិន និយាយថាទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់កាលដ៏លំបាកជាប្រវត្តិសាស្ត្រ ប៉ុន្តែនៅទីបំផុតពួកយើងនៅតែអាចបង្ហាញពីភាពរឹងមាំ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
លោ ស៉ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ី ក្នុងពេលឆាប់ៗនេះ។ ក្នុងរយៈពេលទសវត្សរ៍កន្លងមកនេះ ខ្ញុំធ្លាប់ទៅរុស្ស៊ីចំនួន ៨លើក ហើយបានត្រឡប់មកវិញជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ដោយការបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី រួមគ្នាជាមួយលោក ពូទីន»។
លោក ស៉ី បានបន្ថែមថា «បើយើងក្រឡេកទៅមើលដំណើរដ៏វិសេសវិសាលនៃទំនាក់ទំនងចិន-រុស្សីក្នុងរយៈពេល ៧០ឆ្នាំកន្លងមក យើងមានអារម្មណ៍យ៉ាងមុតមាំថា ទំនាក់ទំនងរបស់យើងគឺពិតជាមិនងាយស្រួលនឹងសម្រេចបាននោះទេ ដូចនេះយើងត្រូវរួមគ្នាថែរក្សា។ ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅរុស្ស៊ីនាពេលខាងមុខ នឹងជាដំណើរនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតីពូទីន ដើម្បីរួមគ្នាអនុម័តទស្សនវិស័យ និងវិធានការថ្មីៗសម្រាប់ការរីកចម្រើននៃភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ក្នុងប៉ុន្មានឆ្នាំទៅមុខទៀត»។
គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជិនពីង គ្រោងនឹងជួបគ្នាក្នុងទីក្រុងមូស្គូ នៅថ្ងៃទី២១ ខែមីនា។ ថ្មីៗនេះ ទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានប្រកាសថា លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ីនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៕