(វែលីងតោន)៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណានៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជួបលោក ឈិន កាង (Qin Gang) រដ្ឋមន្រ្តីការបរទេសចិនក្នុងដំណើរទស្សនកិច្ចលើកដំបូង នៃរដ្ឋមន្រ្តីនូវែលសេឡង់គិតចាប់តាំពីឆ្នាំ២០១៩មក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
លោកស្រី ម៉ាហ៊ូតា គ្រោងនឹងលើកយកការព្រួយបារម្ភរបស់នូវែលសេឡង់អំពី បញ្ហាប្រឈមផ្នែកសន្តិសុខដ៏សំខាន់ៗនៅពេលជួបប្រជុំជាមួយ លោក ឈិន ក្នុងទីក្រុងប៉េកាំង ដូចជាការឈ្លានពានដោយខុសច្បាប់របស់រុស្ស៉ីលើអ៊ុយក្រែន និងតស៊ូមតិសម្រាប់លទ្ធផលដែលឆ្លុះបញ្ចាំងពី តម្លៃរបស់ខ្លួនលើបញ្ហាដូចជាសិទ្ធិមនុស្សជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី ម៉ាហ៊ូតា បានគូសបញ្ជាក់ថា «ទំនាក់ទំនងរបស់ប្រទេសនូវែលសេឡង់ជាមួយប្រទេសចិន គឺជាផ្នែកមួយដ៏សំខាន់បំផុតរបស់យើង និងគ្រប់ដណ្តប់យ៉ាងទូលំទូលាយ។ ខ្ញុំមានបំណងពិភាក្សាអំពីវិស័យដែលយើងបានសហការគ្នា ដូចជាពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងបញ្ហាអាកាសធាតុ និងបរិស្ថានផងដែរ»។
គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ដែលជាសមាជិកមួយនៃសម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់ និងសន្តិសុខ Five Eyes ជាមួយអូស្ត្រាលី អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក គឺពីដើមមកបានប្រកាន់ជំហរបែបផ្សះផ្សារមួយ ឆ្ពោះទៅរកចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈគោលជំហរបែបនេះពេលខ្លះ បាននាំឱ្យមានសម្ពាធពីប្រទេសមួយចំនួនឬសម្ព័ន្ធមិត្តលោកខាងលិច៕