(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បានថ្កោលទោសដំណើរទស្សនកិច្ចរបស់ ក្រុមសមាជិកសភាចក្រភពអង់គ្លេសទៅកាន់តៃវ៉ាន់ ដោយនិយាយថាពួកគេបានចចេសរឹងរូសជាខ្លាំង ក្នុងការបំពេញទស្សនកិច្ចនៅដែនកោះនេះ ទោះបីជាទីក្រុងប៉េកាំងបានបង្ហាញជំហរជំទាស់យ៉ាងច្បាស់ៗក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានប្រាប់ថា ប្រតិភូសមាជិកសភាអង់គ្លេសដែលមានគ្នាចំនួន៦នាក់ នឹងជួបប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីនវិន (Tsai Ing Wen) ក្នុងទីក្រុងតៃប៉ិ នៅថ្ងៃចន្ទនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនប្រចាំអង់គ្លេស បានលើកឡើងថា វាគឺជាការចូលលូកលាន់ដោយឥតអៀនខ្មាស់ មកលើកិច្ចការផ្ទៃក្នុងរបស់ចិន ហើយជាការបង្ហាញសញ្ញាខុសធ្ងន់ធ្ងរមួយ ចំពោះក្រុមចលនាចង់បំបែករដ្ឋនៅតៃវ៉ាន់។ ជារឿយៗ កោះតៃវ៉ាន់តែងទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់ក្រុមសមាជិកសភាបរទេស ហើយចិនក៏តែងតែចេញមុខថ្កោលទោសជាប្រចាំផងដែរ។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនការដាក់សម្ពាធជាខ្លាំង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ក៏ដូចជាយោធា ដើម្បីបង្ខំឱ្យដែនកោះនេះចុះញ៉ម ហើយទទួលយកការទាមទារអធិបតេយ្យរបស់ខ្លួន។ យ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងតៃប៉ិបានច្រានចោលការអះអាងរបស់ចិន ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចលើជោគវាសនារបស់ពួកគេ៕