(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាត (WAM) បានរាយការណ៍ឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៩ ខែមីនានេះថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានទៅដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នៅថ្ងៃអាទិត្យនេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការមួយ ដែលអមដោយភរិយាលោក គឺលោកស្រី Asma al-Assad ។

ពួកគេត្រូវបានទទួលស្វាគគមន៍ ដោយប្រធានាធិបតីអេមីរ៉ាត Sheikh Mohammed bin Zayed នៅពេលពួកគេមកដល់អាកាសយានដ្ឋានប្រធានាធិបតី ក្នុងទីក្រុង Abu Dhabi ។

លោក Sheikh Mohammed bin Zayed បាននិយាយថា លោកបានបើក «កិច្ចពិភាក្សាស្ថាបនា» ជាមួយសមភាគីស៊ីរី ក្នុងគោលបំណងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកបានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំបានទទួលប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅថ្ងៃនេះ ហើយយើងបានជួបពិភាក្សាគ្នាក្នុងន័យស្ថាបនា សំដៅអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការពិភាក្សារបស់យើងក៏បានរិះរកមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពន្លឿនស្ថិរភាព និងវឌ្ឍនភាពនៅក្នុងប្រទេសស៊ីរី និងតំបន់»៕