(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ​នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងម៉ារីយូប៉ូល (Mariupol) ទឹកដី របស់អ៊ុយក្រែនដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ទាហានរុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចក្នុងទីក្រុង Mariupol កើតមានឡើងបន្ទាប់ពីលោក ពូទីន បានបំពេញទស្សនកិច្ចទៅកាន់តំបន់គ្រីមៀ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមិនបានប្រកាសឱ្យដឹងជាមុននោះទេ ដើម្បីចូលរួមរំឮកខួបលើកទី៩ នៃការក្រសោបយកឧបទ្វីបរបស់អ៊ុយក្រែនមួយនេះបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ីកាលពីឆ្នាំ២០១៤ និងតែ២ថ្ងៃប៉ុណ្ណោះក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកា ចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

Mariupol គឺជាទីក្រុងមួយស្ថិតក្នុងតំបន់ដុនបាស់ ដែលរុស្ស៉ីវាយដណ្ដើមយកបានពីអ៊ុយក្រែន កាលពីខែឧសភា ឆ្នាំ២០២២ ហើយនេះគឺជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោក ពូទីន ចាប់តាំងពី ទីក្រុងមួយនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរុស្ស៉ីមក។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក ពូទីន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Mariupol ហើយមិនតែប៉ុណ្ណោះ លោក ពូទីន បានធ្វើដំណើរ តាមរថយន្ដមួយគ្រឿង ដោយជិះទៅកាន់ស្រុកជាច្រើន និងចុះជួបប្រជាជននៅទីនោះផងដែរ៕