(ស៉ីដនី)៖​ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) នៅថ្ងៃអាទិត្យនេះបាននិយាយថាអូស្ត្រាលីដាច់ខាតមិនបានសន្យាថានឹងជួយសហរដ្ឋអាមេរិក នៅក្នុង ករណីដែលជម្លោះនៅតៃវ៉ាន់ផ្ទុះឡើង ដើម្បីជាថ្នូរនឹងការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីទីក្រុងវ៉ាស៊ីនតោន នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក រីឆាដ ម៉ាឡែស ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC និងជាការឆ្លើយតបទៅនឹងសំណួដែលសួរថាតើអូស្ត្រាលីបានផ្ដល់ការសន្យាថានឹង ជួយសហរដ្ឋអាមេរិកក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង ជាថ្នូរនឹងការទិញនាវាមុជទឹកនុយក្លេអ៊ែរ ដែរឬក៏យ៉ាងណា? រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីរូបនេះបានគូសបញ្ជាក់ថាជាការពិតណាស់ វាមិនពិតនោះទេ ហើយអូស្ត្រាលីក៏មិនបានធ្វើការសន្យាបែបនេះនោះដែរ។

គួរបញ្ជាក់ថា អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានបញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលក្នុងនោះអូស្ត្រាលី អាចទិញនាវាមុជទឹកនុយក្លេអ៊ែរ​ប្រភេទ Virginia ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ជាមួយជម្រើសទិញបន្ថែមពី២គ្រឿងទៀត៕