(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍បានប្រកាសថា លោកអាចនឹងត្រូវគេចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ខណៈដែលរដ្ឋអាជ្ញាអាមេរិកកំពុងពិចារណាលើការចោទប្រកាន់ជាមួយតារាសម្តែងស៉ិចស៉ីមួយរូប និងសូមអំពាវនាវឲ្យអ្នកគាំទ្រធ្វើការតវ៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។
ក្នុងបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ករណីបែកធ្លាយដោយខុសច្បាប់ពីការិយាល័យមេធាវីតំបន់មែនហាធែន (Manhattan) បង្ហាញថាទោះជាគ្មានឧក្រិដ្ឋកម្មណាមួយអាចបញ្ជាក់បាន ក៏បេក្ខជនឈានមុខគេមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយ»។
លោក ត្រាំ បានបន្ថែមថា «សូមឲ្យមានការតវ៉ា យកប្រទេសរបស់យើងមកវិញ»។ យ៉ាងនេះក្តី លោក ត្រាំមិនបានលើកឡើងពីការជូនដំណឹងជាផ្លូវការណាមួយ ឬផ្តល់ភស្តុតាងនៃការបែកធ្លាយពីការិយាល័យមេធាវីតំបន់នោះដែរ។
គួរបញ្ជាក់ថា អ្នកនាំពាក្យរបស់ការិយាល័យមេធាវីតំបន់មែនហាធែន បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
លោក ត្រាំ ដែលកំពុងស្វែងរកសំលេងគាំទ្រឲ្យក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ បាននិយាយថាលោកនឹងបន្តធ្វើយុទ្ធនាការឃោសនា ទោះបីជាលោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក៏ដោយ៕