(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីបានប្រកាសថា ទីក្រុងមូស្គូបានបន្ថែមឈ្មោះបុគ្គលអង់គ្លេសចំនួន ២៣នាក់ទៀតទៅក្នុងបញ្ជីរបស់ខ្លួនដែលក្នុងនោះរួមទាំងមន្ត្រីយោធា និងក្រុមអ្នកផ្សព្វផ្សាយមួយចំនួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី ទាក់ទងនឹងភាពសកម្មនៃរដ្ឋាភិបាលអង់គ្លេសដោយដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ជំនួយផ្នែកយោធា និងបច្ចេកទេសដល់អ៊ុយក្រែនផងនោះ កងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស ស្ថាប័នឃោសនា តុលាការ និងប្រព័ន្ធព្រហ្មទណ្ឌ សរុបចំនួន ២៣នាក់ត្រូវបញ្ចូលនៅក្នុងបញ្ជីខ្មៅរបស់រុស្ស៊ី។

ក្នុងចំណោមបុគ្គលទាំង ២៣នាក់នេះក៏មានមន្រ្តីនៃកងកម្លាំងប្រដាប់អាវុធអង់គ្លេសដែលចូលមកពាក់ព័ន្ធចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដោយការបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន ដើម្បីប្រឆាំងនឹងកងទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា បញ្ជីឈ្មោះជនជាតិអង់គ្លេសដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសរុស្ស៉ី ក៏រួមបញ្ចូលផងដែរនូវបុត្រសម្ព័ន្ធក្រុមហ៊ុន Zinc Network Corporation ដែលគ្រប់គ្រងដោយ លោក រ៉ូបឺត អីលឡុត (Robert Elliott) នាយកប្រតិបត្តិ លោក ស្កត ប្រោណ (Scott Brown) និងនាយកប្រតិបត្តិនៃការស្រាវជ្រាវ និងយុទ្ធសាស្រ្ត លោក លូអ៉ីស ប្រូក (Louis Brooke)៕