(ញូដេលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក​ ចាយសានកា (Jaishankar) នៅថ្ងៃសៅរ៍នេះ បាននិយាយថា ស្ថានការណ៍រវាងឥណ្ឌានិង​ចិននៅឯតំបន់ឡាដាក (Ladakh) ភាគខាងលិចជួរភ្នំហិម៉ាល័យ នៅបន្តមានភាពផុយស្រួយនិងគ្រោះថ្នាក់ដដែល ខណៈកងកម្លាំងយោធា​នៃប្រទេសទាំងពីរ ត្រូវបានដាក់ពង្រាយកៀកគ្នាជាខ្លាំង នៅតាមផ្នែកខ្លះនៃតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។

ទាហានយ៉ាងតិចសរុប២៤នាក់ បានបាត់បង់ជីវិត នៅពេលភាគីទាំងពីរបានប៉ះទង្គិចគ្នាក្នុងតំបន់ខាងលើ កាលពីពាក់កណ្តាលឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍បានថយចុះកម្តៅមកវិញ ក្រោយមានកិច្ចសន្ទនាតាមច្រកការទូត និងយោធាជាច្រើនជុំ។ កាលពីខែធ្នូ ឆ្នាំទៅមិញ អំពើហិង្សាក៏បានផ្ទុះឡើងជាថ្មីនៅចំណុចភាគខាងកើត នៃតំបន់ដែលគ្មានបន្ទាត់ព្រំដែនច្បាស់លាស់នោះផងដែរ រវាងមហាយក្សអាស៉ីទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា ប៉ុន្តែវាពុំបានបង្កឱ្យមានមនុស្សស្លាប់ឡើយ។

នៅថ្ងៃសៅរ៍នេះ លោក ចាយសានកា បានលើកឡើងយ៉ាងដូច្នេះថា «តាមការយល់ឃើញរបស់ខ្ញុំ ស្ថានការណ៍នាពេលនេះ គឺហាក់នៅតែ​មានលក្ខណៈផុយស្រួយខ្លាំងដដែល ដោយសារកន្លែងខ្លះនៅមានការដាក់ពង្រាយកងទ័ពរបស់ពួកយើង ស្ថិតនៅកៀកគ្នាយ៉ាងខ្លាំង ដែល​ក្នុងការវាយតម្លៃខាងយោធា វាគឺជារឿងដ៏គ្រោះថ្នាក់មួយ»

លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសង្កត់ធ្ងន់ថា ឥណ្ឌានិងចិនមិនអាចត្រឡប់ទៅរកប្រក្រតីភាពវិញនោះទេ រហូតទាល់តែជម្លោះព្រំដែន អាចត្រូវដោះស្រាយទៅបាន ដោយស្របតាមកិច្ចព្រមព្រៀងជាគោលការណ៍ កាលពីខែកញ្ញា ឆ្នាំ២០២០ ដែលលោកសម្រេចបានជាមួយ​សមភាគីចិន។ លោក ចាយសានកា បានអះអាងថា រូបលោកបានពិភាក្សាអំពីស្ថានការណ៍ព្រំដែន ជាមួយរដ្ឋមន្រ្តីការបរទេសចិនថ្មី គឺលោក ឈិន កាង (Qin Gang) នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលបានប្រពឹត្តទៅ នៅប្រទេសឥណ្ឌា ក្នុងខែនេះ៕