(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋម្មសង្រ្គាម ហើយការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនលោក ពូទីន គឺជារឿងសមហេតុសមផល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។
កាលពីថ្ងៃសុក្រ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានប្រកាសចេញដីកាចាប់ខ្លួន សម្រាប់លោកប្រធានាធិបតីរុស្ស៉ី ក្រោមបទសង្ស័យពាក់ព័ន្ធករណីចាប់បញ្ជូនកុមារកដ៏ដូចជាមនុស្សដោយខុសច្បាប់ ចេញពីទឹកដីរបស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូនៅប្រទេសជិតខាងខ្លួន បានចាប់ផ្តើមកាលពីជាងមួយឆ្នាំមុន។
លោក បៃដិន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «លោក ពូទីន ច្បាស់ណាស់ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយខ្ញុំយល់ថាដីកាចាប់ខ្លួនរបស់ ICC គឹជារឿងសមហេតុសមផល។ ប៉ុន្តែសំណួរស្ថិតត្រង់ថា ដីកោះនោះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ សូម្បីតែពួកយើងផ្ទាល់។ យ៉ាងណាក្តី ខ្ញុំយល់ថាវាគឺជាការបង្ហាញគោលជំហរដ៏រឹងមាំមួយ»។
សហរដ្ឋអាមេរិកនិងរុស្ស៉ី សុទ្ធតែមិនមែនជាភាគីនៅក្នុងតុលាការ ICC ឡើយ ប៉ុន្តែដីការបស់តុលាការអន្តរជាតិនេះ នឹងតម្រូវឱ្យរដ្ឋចំនួន១២៣ ដែលជាសមាជិករបស់ ICC មានកាតព្វកិច្ចចាប់ខ្លួន លោក ពូទីន ហើយធ្វើបត្យាប័នរូបលោកមកកាន់ទីក្រុងឡាអេ ដើម្បីប្រឈមការកាត់ក្តី ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះ ឈានជើងជាន់ក្នុងទឹកដីរបស់ពួកគេ។ ICC ក៏បានចេញដីកាចាប់ខ្លួនក្រោមបទចោទប្រកាន់ដូចគ្នា សម្រាប់លោកស្រី ម៉ារៀ ល្វោវ៉ា-បេឡូវ៉ា ដែលជាមន្រ្តីទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៉ីផងដែរ។
គួរបញ្ជាក់ថា រុស្ស៉ីធ្លាប់បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ដែលថា កងកម្លាំងខ្លួនបានប្រព្រឹត្តអំពើឃោរឃៅផ្សេងៗ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ រីឯកាលពីថ្ងៃសុក្រ វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា ដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងនឹង លោក ពូទីន គឺជារឿងជ្រុលហួសហេតុ ប៉ុន្តែគ្មានន័យអ្វីបន្តិចឡើយចំពោះរុស្ស៉ី៕