(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានប្រជាជនកូរ៉េខាងជើងប្រហែល៨០០,០០០នាក់ បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីប្រយុទ្ធតតាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាសត្រូវដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។
សារព័ត៌មាន រ៉ូដុង ស៉ីនមុម (Rodong Sinmum) បានអះអាងថា ពលរដ្ឋស្ម័គ្រចិត្តទាំងអស់នោះ ដែលជានិស្សិតនិងអ្នកធ្វើការ បាននាំគ្នាចុះឈ្មោះដើម្បីចូលបម្រើជាលើកដំបូង ឬចូលបម្រើឡើងវិញ ក្នុងកងកម្លាំងយោធារបស់កូរ៉េខាងជើង នៅឯព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
រ៉ូដុង ស៉ីនមុម បានហៅពួកគេថាជា យុវជនការពារជាតិ ដែលបានចេញមុខភ្លាមៗ ដើម្បីត្រៀមការពារប្រទេសជាតិ ក៏ដូចជាដើម្បីត្រៀមកម្ទេចសត្រូវទាំងឡាយ។ ដោយឡែក អាយុរបស់ពលរដ្ឋកូរ៉េខាងជើងខាងលើ គឺមិនត្រូវបានបញ្ជាក់ឱ្យដឹងទេ ប៉ុន្តែបើតាមតាមសារព័ត៌មាន NK News ដែលតាមដានស្ថានការណ៍កូរ៉េខាងជើង គឺបុរសទាំងអស់នៅក្នុងប្រទេសមួយនេះ ត្រូវតែបម្រើយោធាសម្រាប់រយៈពេលយ៉ាងហោច១០ឆ្នាំ ខណៈនារីត្រូវចូលបម្រើយ៉ាងហោច៣ឆ្នាំ ដោយយោងតាមប្រព័ន្ធបំពេញកាតព្វកិច្ចយោធារបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការចុះឈ្មោះចូលបម្រើកងទ័ពក្នុងទ្រង់ទ្រាយធំនេះកើតឡើង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រភេទ Hwasong-17 ដ៏មានអានុភាពរបស់ខ្លួន ក្នុងសកម្មភាពដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើសមយុទ្ធយោធាបង្កហេតុរវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងតែងតែចាត់ទុកជា ការហាត់សមដើម្បីត្រៀមបើកការឈ្លានពានលើកូរ៉េខាងជើង៕