(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមមន្រ្តីអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានបន្តការហោះហើរដ្រូនឈ្លបការណ៍ឡើងវិញហើយ នៅលើតំបន់សមុទ្រខ្មៅ ក្រោយហេតុការណ៍ហោះស្ទាក់របស់យន្តហោះចម្បាំងរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបានឈានទៅដល់​​ធ្វើឱ្យធ្លាក់យន្តហោះដ្រូនយោធាអាមេរិកមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។

យន្តហោះដ្រូនអាមេរិកធុន RQ-4 Global Hawk មួយគ្រឿង បានបំពេញបេសកកម្មមួយ នៅលើផ្ទៃអាកាសសមុទ្រខ្មៅ កាលពីថ្ងៃសុក្រ ដែលជាលើក​ដំបូងក្រោយឧប្បត្តិហេតុថ្ងៃអង្គារ។ ក្រុមមន្រ្តីយោធាអាមេរិក បានគូសបញ្ជាក់ហើយថា ហេតុការណ៍ក្នុងសប្តាហ៍នេះ នឹងមិន​បញ្ឈប់ទីក្រុងវ៉ាស៉ីនតោន ពីការធ្វើប្រតិបត្តិការហោះហើរយន្តហោះដ្រូនឈ្លបការណ៍ នៅតំបន់សមុទ្រខ្មៅនោះទេ។

យ៉ាងណាក្តី ការធ្លាក់យន្តហោះដ្រូន MQ-9 Reaper របស់អាមេរិក កាលពីថ្ងៃអង្គារ គឺជាឧប្បត្តិហេតុប្រឈមមុខគ្នាដោយផ្ទាល់លើកដំបូង រវាងសហដ្ឋអាមេរិកនិងរុស្ស៉ី ចាប់តាំងពីវិបត្តិនៅអ៊ុយក្រែនបានចាប់ផ្តើម ខណៈសង្រ្គាមនេះបានធ្វើឱ្យទំនាក់ទំនងដែលតានតឹងរួចស្រាប់ រវាង​ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ កាន់តែអាក្រក់ខ្លាំងថែមទៀត។

គួរបញ្ជាក់ថា រុស្ស៉ីនៅតែបដិសេធការចោទប្រកាន់របស់អាមេរិក ដែលថាយន្តហោះចម្បាំងខ្លួន២គ្រឿងធុន Su-27 បានហោះធ្វើសកម្មភាព​​យ៉ាងធ្វេសប្រហែស នៅក្បែរយន្តហោះដ្រូនយោធាអាមេរិក រហូតទៅបុកស្លាបចក្ររបស់វា ដែលទីបំផុតបណ្តាលឱ្យដ្រូននោះត្រូវធ្លាក់ចូលក្នុង​សមុទ្រខ្មៅ។ កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណអាមេរិក បានបញ្ចេញវីដេអូបង្ហាញពីទិដ្ឋភាពហេតុការណ៍នាពេលនោះ ដែលត្រូវបានថតដោយកាមេរ៉ាបំពាក់លើយន្តហោះដ្រូន ដែលធ្លាក់ផ្ទាល់៕