(យូអិន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថា ព្យាយាមជួយលាក់បាំងអំពើឃោរឃៅរបស់កូរ៉េខាងជើង មិនឱ្យពិភពលោកបានឃើញ តាមរយៈការរារាំងការផ្សាយផ្ទាល់លើប្រព័ន្ធអ៉ីនធើណិត នូវកិច្ចប្រជុំក្រៅផ្លូវការមួយនៃ​ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការចោទប្រកាន់នៃការប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស-គ្រីនហ្វៀល (Linda Thomas-Greenfield) បានថ្លែង​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃសុក្រថា សមាជិកមួយចំនួននៃក្រុមប្រឹក្សានេះ គឺដូចជាស្ម័គ្រចិត្តខ្លាំងជ្រុលពេកហើយ ក្នុងការជួយការពាររបបដឹកនាំទីក្រុងព្យុងយ៉ាង ពីការទទួលខុសត្រូវ ដោយលោកស្រីចង់សំដៅដោយប្រយោលទៅលើចិន។

រីឯប្រធានបេសកកម្មចិនប្រចាំ UN លោក ស៉ីង ជីសេង (Xing Jisheng) បាននិយាយថា កិច្ចប្រជុំខាងលើ ដែលរៀបចំដោយអាមេរិក និងអាល់បានី គឺពុំមានភាពស្ថាបនាអ្វីបន្តិចសោះឡើយ។ លោក ស៉ីង បានលើកឡើងដូច្នេះថា «ដោយមិនអាចជួយបន្ធូរបន្ថយភាពតានតឹង ផ្ទុយទៅវិញកិច្ចប្រជុំនេះមានតែធ្វើឱ្យភាពតានតឹងកាន់តែឡើង ដូច្នេះវាគឺជាសកម្មភាពពុំមានការទទួលខុសត្រូវមួយ។ ហេតុនេះហើយ ការ​ប្រើប្រាស់ទូរទស្សន៍អនឡាញ UN WebTV ដើម្បីផ្សាយផ្ទាល់ គឺជាការខ្ជះខ្ជាយធនធានរបស់ UN ទទេៗ»

គួរបញ្ជាក់ថា សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ចាំបាច់ត្រូវព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដើម្បីអាចឱ្យកិច្ចប្រជុំក្រៅផ្លូវការដូចខាងលើ ត្រូវផ្សាយតាមអនឡាញដោយអង្គការសហប្រជាជាតិបាន ខណៈក្រុមអ្នកការទូតនៅ UN បាននិយាយថា វាគឺជារឿងកម្រមួយដែលការផ្សាយ ត្រូវបានរារាំងយ៉ាងដូច្នេះ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃសុក្រ នៅតែបានប្រព្រឹត្តទៅដោយលក្ខណៈបើកចំហ និងមានការចូលរួមពីក្រុម​អ្នកសារព័ត៌មាន។

កន្លងមក ចិនក៏ដូចជារុស្ស៉ីធ្លាប់លើកហេតុផលថា ក្រុមប្រឹក្សាសន្តិសុខ UN ដែលទទួលបន្ទុករក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ មិនគួរមក​ជជែកគ្នាអំពីបញ្ហាសិទ្ធិមនុស្សឡើយ ដោយប្រទេសទាំងពីរយល់ថា កិច្ចពិភាក្សាជុំវិញប្រធានបទបែបនេះ គួរតែធ្វើឡើងដោយស្ថាប័ន UN ដទៃទៀតដែលពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស ឬមហាសន្និបាត UN ជាដើម៕